ព័ត៌មានអន្តរជាតិ

ចិនជំរុញឱ្យអាមេរិក កែប្រែឥរិយាបទខុសឆ្គង របស់ខ្លួន ជាបន្ទាន់ និងបញ្ឈប់ ការចោទប្រកាន់ ដោយគ្មានមូលដ្ឋានប្រឆាំង នឹងប្រទេសចិន ជុំវិញ ការរាតត្បាតជំងឺ

ប៉េកាំង៖ លោក យ៉ាង ជាឈី សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃចន្ទ តាមការស្នើសុំនេះ ដោយកត់សម្គាល់ថា អាទិភាពកំពូលនាពេលបច្ចុប្បន្ននេះ គឺសម្រាប់សហគមន៍អន្តរជាតិ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ យ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកយ៉ាងដែលជាប្រធានការិយាល័យកិច្ចការបរទេស នៃគណៈកម្មាធិការកណ្តាល CPC បាននិយាយនៅក្នុងការសន្ទនានោះថា ស្ថានភាពបង្ការនិងទប់ស្កាត់ការរាតត្បាតបានឈានទៅមុខយ៉ាងលឿន នៅក្នុងប្រទេសចិន ដោយសារលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេសដែលដឹកនាំ ដោយប្រធានាធិបតីចិន ស៊ី ជីនពីង។

យ៉ាងណាក៏ដោយ អ្នកការទូតជាន់ខ្ពស់ចិនរូបនេះ បានកត់សម្គាល់ថា អ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួនបាននិយាយបង្កាច់ បង្ខូចប្រទេសចិន និងកិច្ចប្រឹងប្រែង ប្រឆាំងនឹងការរាតត្បាតរបស់ខ្លួន និងបានធ្វើឱ្យប្រទេសចិនខូចកិត្តិយស ដែលបានធ្វើឱ្យប្រជាជនចិនខឹងសម្បារ ហើយថា ចិនប្រឆាំងដាច់ខាត និងថ្កោលទោសចំពោះទង្វើបែបនេះ។ លោកបានទទូចដល់ភាគីសហរដ្ឋអាមេរិកឱ្យកែប្រែ ឥរិយាបទខុសឆ្គង របស់ខ្លួនជាបន្ទាន់ និងបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំង នឹងប្រទេសចិន។

លោកយ៉ាង បានបង្ហាញការព្រមានដ៏ម៉ឺងម៉ាត់ របស់ចិនចំពោះសហរដ្ឋអាមេរិកថា រាល់ផែនការដើម្បីធ្វើឱ្យចិនអាម៉ាស់មុខ នឹងត្រូវបរាជ័យ ហើយរាល់សកម្មភាពដែល ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិននឹងត្រូវបានដោះស្រាយ ប្រឆាំងវិញផងដែរ។

លោកយ៉ាង បានបន្ថែមទៀតថា ប្រទេសចិនទទូច ដល់សហរដ្ឋអាមេរិកឱ្យពិចារណាលើផលប្រយោជន៍រួមនិងឆន្ទៈរួមរបស់ប្រជាជននៅក្នុងប្រទេសទាំងពីរ និងនៅជុំវិញ ពិភពលោក, បង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន និងសហគមន៍អន្តរជាតិ និងរួមគ្នាការពារសន្តិសុខសាធារណៈសាធារណៈអន្តរជាតិ៕ ប្រែសម្រួលៈ ណៃ តុលា

To Top