ព័ត៌មានអន្តរជាតិ

មន្រ្តីជំនាញ សុខាភិបាលចិន៖ ថ្នាំ Favipiravir មានប្រសិទ្ធភាព ព្យាបាលប្រឆាំង នឹងជំងឺឆ្លង មេរោគកូវីដ១៩

ប៉េកាំង៖ ប្រទេសចិន បានបញ្ចប់ការស្រាវជ្រាវ ទៅលើថ្នាំ Favipiravir ដែលជាថ្នាំប្រឆាំងវីរុស ដែលបានបង្ហាញ ពីប្រសិទ្ធភាពព្យាបាលល្អ ប្រឆាំងនឹងជំងឺឆ្លងមេរោគ COVID-19 ។

យោងតាមទី ភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Zhang Xinmin ប្រធានមជ្ឈមណ្ឌលជាតិ អភិវឌ្ឍន៍ជីវបច្ចេកវិទ្យាចិន ក្រោមឱវាទ ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បាននិយាយនៅក្នុងសន្និសីទ កាសែតថា ថ្នាំ Favipiravir ដែលជាថ្នាំព្យាបាល ជំងឺផ្តាសាយ ដែលត្រូវបានអនុម័ត អោយប្រើប្រាស់ក្នុងប្រទេស ជប៉ុន ក្នុងឆ្នាំ ២០១៤ ដោយមិនបានបង្ហាញ ពីផលប៉ះពាល់ អវិជ្ជមានណាមួយ នៅក្នុងការសាកល្បងព្យាបាលនោះទេ។

អ្នកជំងឺជាង ៨០ នាក់ បានចូលរួមក្នុងការសាកល្បងព្យាបាល នៅមន្ទីរពេទ្យប្រជាជនទី ៣ ទីក្រុង Shenzhen ភាគខាងត្បូងខេត្ត Guangdong ប្រទេសចិន ក្នុងនោះមានអ្នកជំងឺ ៣៥ នាក់លេបថ្នាំ Favipiravir និងអ្នកជំងឺចំនួន ៤៥ នាក់ នៅក្រុមត្រួតពិនិត្យ ។ លទ្ធផលបានបង្ហាញថា អ្នកជំងឺដែលទទួលការព្យាបាល Favipiravir ប្រែជាអវិជ្ជមាន ចំពោះវីរុសក្នុងរយៈពេលដ៏ខ្លី បើប្រៀបធៀប ជាមួយអ្នកជំងឺ ក្នុងក្រុមត្រួតពិនិត្យ។

ការសិក្សាគ្លីនិកចៃដន្យ ពហុកណ្តាលដឹកនាំ ដោយមន្ទីរពេទ្យ Zhongnan នៃសាកលវិទ្យាល័យវូហាន ក៏បានលើកឡើងផងដែរថា ប្រសិទ្ធភាពព្យាបាលរបស់ថ្នាំ Favipiravir គឺប្រសើរជាងក្រុមត្រួតពិនិត្យ។

ផ្ទាំងពាណិជ្ជកម្ម

លោក Zhang បាននិយាយថា ថ្នាំ Favipiravir ត្រូវបានគេណែនាំឱ្យទៅក្រុមព្យាបាល និងគួរតែត្រូវបានបញ្ចូលទៅក្នុងផែនការ ធ្វើរោគវិនិច្ឆ័យនិងការព្យាបាល សម្រាប់ COVID-១៩ ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។

ប្រធានមជ្ឈមណ្ឌលជាតិ អភិវឌ្ឍន៍ជីវបច្ចេកវិទ្យាចិន រូបនេះបានបន្ថែមថា ក្រុមហ៊ុនឱសថចិនមួយ ត្រូវបានរដ្ឋបាលជាតិផលិតផលវេជ្ជសាស្ត្រ យល់ព្រមឱ្យផលិតថ្នាំឱ្យបានច្រើន និងធានានូវការផ្គត់ផ្គង់ មានស្ថេរភាព៕

ប្រែសម្រួលៈ ណៃ តុលា

To Top