ព័ត៌មានអន្តរជាតិ

វៀតណាម នឹងព្យួរការផ្តល់ទិដ្ឋាការថ្មី ដល់ជនបរទេសទាំងអស់ ដើម្បីទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩

ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា វៀតណាម នឹងព្យួរការផ្តល់ទិដ្ឋាការថ្មី ដល់ជនបរទេសទាំងអស់ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ។

ជាច្រើនសប្តាហ៍ បន្ទាប់ពីប្រកាសនៃការកកើតឡើងវិញ នៃអ្នកដែលឆ្លងវីរុស ចំនួន១៦នាក់ វៀតណាម បានបញ្ជាក់ថា មានអ្នកឆ្លងរោគចំនួន៦១នាក់ហើយ ប៉ុន្តែមិនទាន់មានអ្នកស្លាប់នៅឡើយទេ បន្ទាប់ពីក្រុមអាជ្ញាធរ បានប្រកាសថា មានអ្នកឆ្លងជំងឺកើនឡើងពីបរទេស ។

កាសែតរបស់រដ្ឋ Nhan Dan បានផ្សាយថា “រដ្ឋាភិបាលយល់ឃើញថា គោលការណ៍នៃការព្យួរទិដ្ឋាការ គឺជាវិធានការណ៍ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល យ៉ាងរហ័សនៃវីរុស ដែលមាន បណ្តាប្រទេសជាច្រើន នាពេលឥឡូវនេះ បានឆ្លងជំងឺកាន់តែខ្លាំងឡើងៗ” ។

កាសែតដដែលបានផ្សាយថា “វាជាការព្យួរជាបណ្តោះអាសន្ន ។ ការរឹតបន្តឹងបែបនេះ នឹងចាប់ផ្តើមអនុវត្ត សម្រាប់រយៈពេល១៥ថ្ងៃ ដល់៣០ថ្ងៃ” ។ កាសែតខាងលើ មិនបានចុះផ្សាយថា នៅពេលណា ដែលការហាមប្រាមនេះ នឹងចូលជាធរមាននោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top