បរទេស ៖ ប្រទេសកាណាដា ប្រទេសបារាំង ប្រទេសរុស្ស៊ី និងប្រទេសស៊ូដង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបិទច្រកព្រំដែន របស់ខ្លួន នៅក្នុដំណើរឆ្លើយតប ទៅនឹងការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI ។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា ជនជាតិបរទេស មកពីគ្រប់ប្រទេសទាំងអស់ លើកលែងតែ សហរដ្ឋអាមេរិក នឹងមិនត្រូវបានអនុញ្ញាត ឲ្យចូលមកក្នុងប្រទេសកាណាដា នោះឡើយ ស្របពេលដែលនឹងដាក់កំណត់ លើការមកដល់ នៃជើងហោះហើរអន្តរជាតិ ចំពោះអាកាសយានដ្ឋានធំៗចំនួន៤។
លោកនាយករដ្ឋមន្ត្រីកាណាដា តាមប្រភពព័ត៌មាន បានមានប្រសាសន៍បន្ថែមទៀត យ៉ាងដូច្នេះថា “នេះមិនរួមបញ្ចូលទាំងបុគ្គលិក អាកាសចរណ៍ អ្នកធ្វើដំណើរ ដែលទៅប្រទេសទីបី មន្ត្រីការទូត សមាជិកពលរដ្ឋកាណាដា ឬក៏ប្រជាពលរដ្ឋអចិន្រ្តៃយ៍នោះទេ”៕
ប្រែសម្រួល៖ប៉ាង កុង