ព័ត៌មានអន្តរជាតិ

កងកម្លាំងចម្រុះ ដឹកនាំដោយ អារ៉ាប៊ីសាអូឌីត នៅយេម៉ែន កម្ទេចទូកផ្ទុកគ្រាប់ផ្ទុះពីរគ្រឿង

បរទេស៖ កងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅប្រទេសយេម៉ែន នៅថ្ងៃអង្គារនេះ បានកម្ទេចទូកផ្ទុកគ្រាប់ផ្ទុះពីរគ្រឿង ដែលដំណើរការ និងបញ្ជាពីចម្ងាយ ដោយក្រុមហូធី ជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ ចេញពីខេត្ត Hodeidah នេះបើតាមសេចក្តីរាយការណ៍មួយ របស់ទីភ្នាក់ងារសារព័ត៌មាន SPA។

តាមសេចក្តីរាយការណ៍ ទីភ្នាក់ងារសារព័ត៌មាន SPA បានដកស្រង់សម្តីមន្ត្រីនាំពាក្យ របស់កងកម្លំាងចម្រុះមួយរូបថា ទូកទាំងពីរគ្រឿងនោះ បានបង្កការគម្រាមកំហែង ដល់នាវាចរណ៍ នៅច្រកសមុទ្រ Bab al-Mandab ដែលភ្ជាប់គ្នា រវាងមហាសមុទ្រឥណ្ឌា និងសមុទ្រក្រហម។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នៅក្នុងខែនេះ កងកម្លាំងចម្រុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានវាយប្រហារគោលដៅយោធា គ្រប់គ្រងដោយពួកហូធី នៅកំពង់ផែ Salif ស្ថិតក្នុងខេត្ត Hudaydah ប្រទេសយេម៉ែនភាគនិរតី ហើយកងកម្លាំងចម្រុះនេះ ក៏បានប្រកាសផងដែរ អំពីការកម្ទេចទីតាំងពួកហូធី ដែលតាមសេចក្តីរាយការណ៍ ត្រូវបានប្រើប្រាស់ សម្រាប់ផលិតទូក និងកូនដ្រូនផ្ទុកគ្រាប់ផ្ទុះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top