ព័ត៌មានអន្តរជាតិ

ថៃបិទពន្ធនាគារទាំងអស់ មិនឱ្យមានការសួរសុខទុក្ខ ពីសំណាក់សាច់ញាតិអ្នកទោស ដើម្បីការពារការឆ្លងមេរោគ

បរទេស៖ ប្រធាននាយកដ្ឋានពន្ធនាគារ របស់ថៃលោក Narat Sawetanan និយាយកាលពីថ្ងៃអង្គារថា នាយកដ្ឋានពន្ធនាគារ បានបញ្ជាឱ្យពន្ធនាគារទាំងអស់ បញ្ឈប់ការមកសួរសុខទុក្ខ ពីសំណាក់សាច់ញាតិអ្នកទោសរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ១៨-៣១ ខែមីនា ដើម្បីជួយទប់ស្កាត់ការ រីករាលដាលនៃមេរោគ Covid-19 ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការសម្រេចបិទមិនឱ្យ មានការសួរសុខទុក្ខនេះ គឺជាការឆ្លើយតបទៅនឹងសេចក្តីសម្រេច របស់គណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ ដែលបានបិទបារ៍កន្លែងកំសាន្ត កន្លែងម៉ាស្សា កន្លែងហាត់ប្រាណ និងរោងមហោស្រព ក៏ដូចជាសាលារៀន និងសាកលវិទ្យាល័យ នៅទីក្រុងបាងកកនិងខេត្តជុំវិញ ក្នុងកំឡុងពេលដូចគ្នា។

លោក Narat បាននិយាយថា ការបិទទ្វារពន្ធនាគារពី ការចូលសួរសុខទុក្ខនេះ គឺមានគោលបំណងដើម្បីការពារ ការឆ្លងវីរុសនេះទៅអ្នកទោសចំនួន ៣៨០.០០០នាក់នៅទូទាំងប្រទេស។

លោកបន្តថា ពន្ធនាគារ គឺជាកន្លែងដែលមានមនុស្សច្រើនកុះករ ហើយប្រសិនបើវីរុសចូលក្នុងប្រព័ន្ធពន្ធនាគារ វានឹងពិបាកក្នុងការគ្រប់គ្រងវាណាស់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top