វូហាន៖ គ្មានការឆ្លងថ្មី នៃមេរោគកូវីដ១៩ ត្រូវបានគេរាយការណ៍ឡើយ កាលពីថ្ងៃពុធនៅទីក្រុងវូហាន ដែលជាចំណុចកណ្តាល នៃការរីករាលដាល ដែលនេះជាការកត់សម្គាល់ដំបូងបំផុត នៅក្នុងការប្រយុទ្ធអស់រយៈពេល ជាច្រើនខែនៅក្នុងទីក្រុង។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខាភិបាលខេត្ដ Hubei បាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារវីរុស បានកើនឡើងចំនួន ៨ នាក់នៅក្នុងខេត្តនេះ ប៉ុន្តែករណីដែលបានបញ្ជាក់សរុប នៃជំងឺរលាកសួតធ្ងន់ធ្ងរ ឬកូវីដ១៩ នៅទីក្រុង Wuhan និង Hubei នៅតែមានចំនួន ៥០.០០៥ នាក់ និង ៦៧.៨០០ នាក់ ដដែលកាលពីថ្ងៃពុធ។
គ្មានការកើនឡើងណាមួយ ត្រូវបានគេសង្កេតឃើញនៅក្នុងខេត្ត ដែលមានករណីសង្ស័យ ដែលនេះ គឺបានធ្លាក់ចុះដល់សូន្យ កាលពីថ្ងៃអង្គារ ក្នុងការបង្ហាញមួយផ្សេងទៀតថា ការចម្លងទ្រង់ទ្រាយធំ ត្រូវបានបង្ក្រាបនៅតំបន់រាលដាល គឺបានធ្លាក់ដល់សូន្យ ខណៈដែលទីក្រុង វូហាន កាលពីមួយខែមុន តួលេខឆ្លង គឺច្រើនពាន់នាក់ក្នុងមួយថ្ងៃ។
ខេត្តនេះក៏បានឃើញថា អ្នកជំងឺ ៧៩៥ នាក់ បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យ កាលពីថ្ងៃពុធ ដោយកាត់បន្ថយចំនួន អ្នកសម្រាកនៅក្នុងមន្ទីរពេទ្យ មកនៅត្រឹម ៦.៦៣៦ នាក់ ក្នុងនោះមាន ១.៨០៩ នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ និង ៤៦៥ នាក់ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
ដោយគ្មានករណីឆ្លងថ្មីនៅវូហាន ចិនដីគោកនៅថ្ងៃពុធ បានកាត់បន្ថយការកើនឡើង នៃការឆ្លងក្នុងស្រុកទៅ កម្រិតសូន្យ។ ឥឡូវប្រទេសចិន ប្រឈមនឹងការគំរាមកំហែង កាន់តែខ្លាំងនៃការឆ្លង ដែលនាំចូលពីបរទេស ដែលបានកើនឡើងដល់ ៣៤ នាក់កាលពីថ្ងៃពុធ៕ ប្រែសម្រួលៈ ណៃ តុលា