បរទេស៖ ក្នុងពេលដែលប្រទេសរុស្ស៊ី ក៏ត្រូវបានកំពុងរងការវាយប្រហារ ដោយជំងឹកូរ៉ូណាផងដែរ ពេលនេះអ្នកឆ្លងសរុប នៅក្នុងប្រទេសបានកើនឡើងដល់ ១៤៧ករណីហើយ ហើយជាការឆ្លើយតប រដ្ឋាភិបាលក្រុងមូស្គូ បានដាក់បម្រាម មិនឲ្យមានវត្តមានជនបរទេសឡើយ ចូលមកដល់ប្រទេសរបស់ខ្លួន។
នៅថ្ងៃពុធ ទី១៨ ខែមីនា អត្ថបទមួយ ដោយសារព័ត៌មានអន្តរជាតិ បានសរសេរថា ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានក្លាយទៅជាបុគ្គលដ៏សំខាន់បំផុត របស់ក្រុមមន្ត្រីរដ្ឋាភិបាល ក្នុងការការពារ មិនឲ្យមានវត្តមានអ្នកឆ្លង ឬសូម្បីតែសង្ស័យថា មានការជាប់ពាក់ព័ន្ធ នឹងជំងឺរាតត្បាតនេះ នៅក្បែរឡើយ។
ប្រភពដដែលបានសរសេរទៀតថា មន្ត្រីដែលស្ថិតនៅក្បែរលោកបំផុត រាប់ទាំងមន្ត្រីអ្នករៀបចំព្រឹត្តិការណ៍ សម្រាប់ប្រធានាធិបតី ត្រូវបានដាក់ឲ្យមានការធ្វើតេស្តជាប់ជានិច្ច មុនចូលទៅដល់ជួប ឬនៅក្បែរលោកពូទីន ហើយនៅមានសកម្មភាព អនុវត្តការងារការពារ រូបលោកប្រធានាធិបតីរូបនេះ ជាច្រើនទៀត ដែលត្រូវបានរៀបចំ ទុកដាក់ពេញ២៤ម៉ោង ក្នុងមួយថ្ងៃតែម្តង។
ទោះបីជាមានការការពារជាពិសេស ពីសំណាក់ក្រុមគ្រូពេទ្យជំនាញបំផុតក្តី ប៉ុន្តែលោកប្រធានាធិបតីរូបនេះ ហាក់មិនសូវខ្វាយខ្វល់ និងបារម្ភខ្លាំងឡើយ ចំពោះការបង្ហាញវត្តមានជាសាធារណៈ ដោយកាលពីថ្ងៃពុធម្សិលមិញ លោកទោះទើបតែបានធ្វើដំណើរ បំពេញទស្សនកិច្ច ទៅកាន់តំបន់ Crimea ដែលរុស្ស៊ី កាត់បានពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤នោះផង៕
ប្រែសម្រួល៖ស៊ុនលី