ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីចិន៖ ប្រទេសចិន ប្រកៀកស្មារយ៉ាងរឹងមាំ ជាមួយសហគមន៍អឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩

ប៉េកាំង៖ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បាននិយាយកាលពីថ្ងៃពុធ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបថា ប្រទេសចិនឈរយ៉ាងរឹងមាំ ជាមួយសហភាពអឺរ៉ុប និងគាំទ្រដល់កិច្ចប្រឹងប្រែង ប្រឆាំងនឹងការរីករាលដាល របស់អឺរ៉ុបផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Li Keqiang ថា នៅក្នុងពេលដំបូង នៃការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ១៩ ទីភ្នាក់ងាររបស់សហភាពអឺរ៉ុប បានផ្តល់ការអាណិតអាសូរ និងសម្របសម្រួល ការផ្គត់ផ្គង់ជាច្រើន ទៅប្រទេសចិន។

លោកបន្តថា នៅពេលការរីករាលដាល កំពុងរីករាលដាល នៅក្នុងបណ្តាប្រទេសសហគមន៍អឺរ៉ុប ប្រទេសចិនបានផ្តល់ការគាំទ្រ ដល់សហភាពអឺរ៉ុប ដែលកំពុងស្ថិត ក្នុងស្ថានភាពរាតត្បាត និងកំពុងប្រឈមនឹងការលំបាក។

លោកថា ក្រោមកាលៈទេសៈបច្ចុប្បន្ន ប្រទេសចិនបានឈរយ៉ាងរឹងមាំ ជាមួយភាគីអឺរ៉ុប គាំទ្រកិច្ចខិតខំប្រឹងប្រែង ប្រឆាំងនឹងការរីករាលដាល និងសម្របសម្រួល ការផ្គត់ផ្គង់វេជ្ជសាស្រ្ត តាមរយៈបណ្តាញពាណិជ្ជកម្ម។ សុខភាពរបស់មនុស្សជាតិ។ ប្រទេសចិន ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរួមគ្នា ការពារសុខភាពរបស់មនុស្សជាតិ។

នាយករដ្ឋមន្រ្តីចិនរូបនេះ ក៏បានសម្តែងក្តីសង្ឃឹមថា សហភាពអឺរ៉ុប នឹងយកចិត្តទុកដាក់យ៉ាងសំខាន់ ក្នុងការធានាសុវត្ថិភាព និងនាំមកនូវភាពងាយស្រួល ដល់ការរស់នៅរបស់ពលរដ្ឋចិន រួមទាំងនិស្សិតបរទេស នៅតាមបណ្តាប្រទេសសហភាពអឺរ៉ុប។

លោកបានចង្អុលបង្ហាញទៀតថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយសហភាពអ៊ឺរ៉ុប ហើយមានឆន្ទៈ ជំរុញកិច្ចចរចា ស្តីពីកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការចិន – អ៊ឺរ៉ុបក្នុងវិស័យផ្សេងៗ ដើម្បីរក្សាបាន នូវចំណងទាក់ទងទ្វេភាគី ប្រកបដោយស្ថេរភាព និងស្ថិរភាព។

លោកបានបង្ហាញនូវជំនឿថា ចំណងមិត្តភាពរវាងចិន និងសហភាពអឺរ៉ុប នឹងត្រូវបានធ្វើឱ្យស៊ីជម្រៅថែមទៀត ហើយកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងត្រូវបានពង្រីកបន្ថែមទៀត បន្ទាប់ពីបានឆ្លងរោគរាតត្បាត៕ ប្រែសម្រួលៈ ណៃ តុលា

To Top