បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសអំពីទណ្ឌកម្មថ្មី ប្រឆំាងប្រទេសអ៊ីរ៉ង់ ក្រោយមានមន្ទិលសង្ស័យថា កងជីវពលគាំទ្រ ដោយទីក្រុងតេអេរ៉ង់ បាញ់គ្រាប់រ៉ុកកែតទៅលើកងកម្លាំង យោធាសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ។
លោក Mike Pompeo បានមានប្រសាសន៍ដូច្នេះថា “កាលពីថ្ងៃម្សិលមិញ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើអង្គភាពចំនួន៩ និងបុគ្គលចំនួន៣រូប ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាព បង្កឲ្យមានឥរិយាបថហិង្សារបស់របបអ៊ីរ៉ង់ ហើយទង្វើ របស់បុគ្គលនិងអគ្គភាពទាំងនេះ ផ្តល់ឲ្យនូវចំណូល ដល់របបដែលវាអាចប្រើ ទំនុកបម្រុងដល់អំពើភេរវកម្ម និងសកម្មភាពបង្ក អស្ថិរភាពផ្សេងទៀត ដូចជាការវាយប្រហារដោយរ៉ុកកែតថ្មីៗនេះ ទៅលើកងកម្លាំងអ៊ីរ៉ាក់និងកងកម្លាំងចម្រុះ ស្ថិតនៅក្នុងជំរុំយោធា តាជី ប្រទេសអ៊ីរ៉ាក់”។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយថា ការវាយប្រហារដោយរ៉ុកកែត ទៅលើជំរុំយោធា តាជី ដែលមានទីតាំងស្ថិត នៅខាងជើងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ សម្លាប់សមាជិកយោធាសហរដ្ឋអាមេរិកពីររូប ហើយជំរុំនោះ គឺជាទីតាំងឈរជើងរបស់កងកម្លាំងចម្រុះ ដែលកំពុងតែប្រយុទ្ធប្រឆាំង នឹងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមជ្រុលនិយម ៕
ប្រែសម្រួល៖ប៉ាង កុង