វ៉ាស៊ីនតោន៖ លោក Bill De Blasio អភិបាលក្រុងញូវយ៉ក បានជំរុញឱ្យប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ប្រកាសពីការកេណ្ឌ (ប្រមូលផ្តុំ) យោធាយ៉ាងពេញទំហឹង ចំពេលមានការផ្ទុះឡើងនៃវីរុសនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក De Blasio បានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ថា “វាមិនអាចយល់បានទេ វាជារឿងអសីលធម៌ ដែលប្រធានាធិបតីរបស់យើង មិនបានបញ្ជាយោធារបស់យើង ឱ្យប្រមូលផ្តុំពេញលេញ ពីព្រោះនេះគឺជាការគំរាមកំហែង យ៉ាងខ្លាំងដល់ប្រជាជាតិរបស់យើង” ។
លោកអភិបាលក្រុង ក៏បានចោទប្រកាន់លោកប្រធានាធិបតីរូបនេះថា បានបាត់បង់រាល់ឱកាសដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសនេះ (COVID-១៩) ។
នៅក្នុងសន្និសីទ កាសែតមួយ កាលពីថ្ងៃព្រហស្បតិ៍លោក De Blasio បានមានប្រសាសន៍ថា“ អ្នកកំពុងមើល និងរង់ចាំ ហើយបាត់បង់រាល់ឱកាស ដើម្បីមានភាពក្លាហាន និងដើម្បីការពារប្រទេសជាតិរបស់យើង” ។ លោក De Blasio បានបន្ថែមថា ទីក្រុងញូវយ៉ក កំពុងត្រូវការជំនួយសហព័ន្ធយ៉ាងខ្លាំង ដែលខ្លួនមិនបានទទួល។
កាលពីថ្ងៃពុធប្រធានាធិបតី អាមេរិកលោកដូណាល់ត្រាំ បានចុះហត្ថលេខាលើច្បាប់ ជាកញ្ចប់ថវិកាសង្គ្រោះពីមេរោគកូរ៉ូណា ដែលនឹងផ្តល់ការធ្វើតេស្ត ដោយឥតគិតថ្លៃសម្រាប់ការ ឆ្លងមេរោគ Covid-19 , ធានាកាសម្រាប់ការឈប់សម្រាកសង្គ្រោះបន្ទាន់រយៈពេលពីរសប្តាហ៍ និងបង្កើនថវិកាសហព័ន្ធ សម្រាប់កម្មវិធី Medicaid និងកម្មវិធីសន្តិសុខស្បៀង។
គិតត្រឹមថ្ងៃទី ១៩ ខែមីនា មានករណីឆ្លងមេរោគកូវីដចំនួន ១៣.០៦០នាក់ នៅសហរដ្ឋអាមេរិក និងករណីស្លាប់ចំនួន ១៧៥នាក់។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins ដែលបានប្រមូលទិន្នន័យពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) អាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា