បរទេស៖ ព្រះអង្គម្ចាស់ Albert របស់ប្រទេស ម៉ូណាកូ បានឆ្លងមេរោគកូវីដ១៩ ដែលការឆ្លងនេះ គឹត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះអង្គម្ចាស់បានជួបជាមួយព្រះអង្គម្ចាស់ Charles របស់ចក្រភពអង់គ្លេស នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ WaterAid នៅទីក្រុងឡុងដ៍ ជាកន្លែងដែលអ្នកទាំងពីរ ត្រូវបានកាមេរ៉ាថតបានពេល កំពុងអង្គុយនៅលើតុទល់មុខគ្នា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា បុត្ររបស់ម្ចាស់ក្សត្រី Grace Kelly ព្រះជន្ម ៦២ព្រះវស្សា និងជាព្រះអង្គម្ចាស់ Rainier នៃប្រទេសម៉ូណាកូ អង្គនេះ គឺជាប្រមុខរដ្ឋដំបូងគេ ដែលបានឆ្លងវីរុសនេះ ដូចដែលបានបញ្ជាក់ដោយរាជវាំង។
សេចក្តីថ្លែងការណ៍ជាផ្លូវការបានបញ្ជាក់ថា សុខភាពរបស់ព្រះអង្គម្ចាស់ Albert មិនមានអ្វីគ្រោះថ្នាក់នោះទេ ដោយព្រះអង្គត្រូវបានគេព្យាបាល នៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់ ខណៈពេលកំពុងត្រូវបានដាក់ឱ្យនៅដាច់ពីគេ។
វាមិនទាន់ច្បាស់ទេថា តើភរិយារបស់ព្រះអង្គម្ចាស់ Albert គឺ Charlene ដែលជាអតីតអ្នកហែលទឹកអូឡាំពិកអាហ្វ្រិកខាងត្បូង និងកូនភ្លោះអាយុ ៥ ឆ្នាំរបស់ពួកគេ បានធ្វើតេស្តិ៍រកមេរោគនេះ ដែរឬយ៉ាងណានោះទេ៕
ប្រែសម្រួលៈ ណៃ តុលា