បរទេស៖ អតីតប្រធានសភា និងព្រឹទ្ធសភារបស់ថៃ ចំនួន ៦ រូប បាននាំគ្នាអំពាវនាវ ឲ្យ រដ្ឋាភិបាលបិទប្រទេស និងហាមឃាត់ការចូល របស់អ្នកដំណើរបរទេស។
យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អតីតប្រធានព្រឹទ្ធសភាពីររូប គឺលោក Suchon Chaleekrua និងលោក Nikhom Wairatpanich បានបង្ហាញសំណើនេះ កាលពីថ្ងៃព្រហស្បតិ៍ ដល់ប្រធានសភា លោក Chuan Leekpai ដែលបានសន្យាថា នឹងបញ្ជូនសំណើនេះ ទៅលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។
សំណើនេះ ត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំមួយ ដែលចូលរួមដោយអតីត ប្រធានទាំង ៦ រូប។ មានមន្រ្តី ចំនួន ៤ នាក់ផ្សេងទៀត ដែលគាំទ្រសំណើនេះ គឺអតីតប្រធានសភា លោក Arthit Ourairat, អតីតប្រធានព្រឹទ្ធសភា លោក Sanit Worapanya លោកឧត្តមសេនីយ៍ Thiradej Meepian និងលោក Prasopsuk Boondej ។
លោក Suchon បាននិយាយថា អតីតប្រធានសភាទាំងនោះចង់ ឲ្យ សភាកោះប្រជុំសម័យប្រជុំពិសេស ដើម្បីពិភាក្សារកវិធី ដើម្បីដោះស្រាយ ជាមួយរោគរាតត្បាត Covid-19 ព្រោះវាជាភាពអាសន្នរបស់ជាតិ៕ ប្រែសម្រួលៈ ណៃ តុលា