បរទេស៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ កំពុងតែត្រៀមរៀបចំ បញ្ចេញនូវប្រាក់ចំនួនជិត ៤០ពាន់លានដុល្លារ ក្នុងជំនួយសម្រាលបន្ទុកសេដ្ឋកិច្ច ដើម្បីជួយដល់ពាណិជ្ជករ និងកម្មករ ដោះស្រាយបញ្ហា បណ្ដាលមកពីឥទ្ធិពលដ៏អាក្រក់ របស់ការផ្ទុះឆ្លងរីករាលដាល នៃកូរ៉ូណាវីរុស។
ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុកកូរ៉េខាងត្បូង JoongAng Ilbo បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា ស្របពេលដែលម្ចាស់ពាណិជ្ជកម្ម ខា្នតតូចកាន់តែច្រើនឡើង ជួយប្រទះឱនភាពធ្ងន់ធ្ងរ បាត់បង់អតិថិជន និងប្រាក់ចំណេញនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានបើកកិច្ចប្រជុំសេដ្ឋកិច្ចបន្ទាន់ ជាលើកដំបូងមួយ ជាមួយគណៈរដ្ឋមន្ត្រីរបស់លោក។
យោងតាមសេចក្តីរាយការណ៍ ពីទូរទស្សន៍ MBC រដ្ឋបាលរបស់លោក មូន ជេអ៊ីន បានយល់ព្រមផ្តល់ជំនួយ កញ្ចប់ថវិកាគ្រាអាសន្ន ចំនួន ៤០ពាន់លានដុល្លារអាមេរិក ក្រោយកិច្ចប្រជុំ ដែលផ្តោតខ្លាំងក្លា លើពាណិជ្ជកម្មខ្នាតតូច រងផលប៉ះពាល់ខ្លាំងក្លា ក៏ដូចជាអ្នករកស៊ីខ្លួនឯង ដែលជាញឹកញាប់ ទទួលរងគ្រោះខ្លាំងក្លាបំផុត នៅពេលមានវិបត្តិកើតឡើង៕ ប្រែសម្រួល៖ប៉ាង កុង