ព័ត៌មានអន្តរជាតិ

ថៃ មានអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ចំនួន៥០នាក់ នាំឲ្យតួលេខ នៃអ្នកផ្ទុកវីរុស កើនដល់៣២២នាក់

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា ប្រទេសថៃឡង់ដ៍ បានរាយការណ៍ឲ្យដឹង នៅថ្ងៃសុក្រថា អ្នកឆ្លងជំងឺ COVID-19 មាន៥០ករណីថ្មី ដែលនាំឲ្យតួលេខសរុប កើនឡើងដល់៣២២នាក់ ។

មន្ត្រីសុខាភិបាលមួយរូប បានថ្លែងថា ករណីដែលកើតឡើងច្រើនបំផុត គឺនៅតំបន់រដ្ឋធានីបាងកកតែម្តង ។

លោក Suwannachai Wattanayingcharoenchai អគ្គនាយក នៃនាយកដ្ឋានត្រួតពិនិត្យជំងឺ បានប្រាប់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុមអ្នកដែលឆ្លងជំងឺថ្មីចំនួន៤១នាក់ បានមានទំនងទំនងនឹងអ្នកជំងឺ ទន្ទឹមនឹងនេះដែរ មានក្រុមផ្សេងទៀត ចំនួន៩នាក់ ជាអ្នកដែលមកដល់ពីបរទេសវិញ និងបានប៉ះពាល់ ជាមួយជនបរទេស ។

គាត់បានបន្ថែមថា ម្នាក់បានស្លាប់ ជាមួយគ្នានេះដែរ មានអ្នកជំងឺ៤៣នាក់ បានជាសះស្បើយពីជំងឺ និងបានវិលទៅផ្ទះវិញហើយ ទន្ទឹមនឹងនេះចំនួន២៧៨នាក់ ស្ថិតនៅសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាករា

To Top