ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ពិភាក្សាអំពីបញ្ហាកូរ៉ូណាវីរុស ជាមួយចិននិងជប៉ុន និងគ្រោងដាក់ អ្នកផ្ទុកវីរុសមកពីអឺរ៉ុប ឲ្យនៅដាច់ដោយឡែក

បរទេស៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានធ្វើកិច្ចពិភាក្សាគ្នា ជាមួយប្រទេសចិន និងប្រទេសជប៉ុន ស្តីពីសហប្រតិបត្តិការ លើការឆ្លងរីករាលដាល នៃកូរ៉ូណាវីរុស ស្របពេលមានក្តីព្រួយបារម្ភកើនឡើង ជុំវិញចំនួនមនុស្សឆ្លងជាច្រើននាក់ វិលត្រឡប់ពីបរទេស មកដល់ប្រទេសវិញ។

បើទោះជាការផ្ទុះ ឆ្លងកូរ៉ូណាវីរុសយ៉ាងខ្លាំងក្លា ក្នុងប្រទេសចិន កាលពីខែធ្នូ ហើយកូរ៉េខាងត្បូង បានស្ថិតនៅក្នុងលេខរៀងទីពីរក៏ដោយ ក៏ប្រទេសទាំងពីរនេះ បានទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងដំណើរទប់ស្កាត់ មិនឲ្យវីរុសឆ្លងរីករាលដាល ក្នុងប្រទេសបាន។

ចំនួនករណីឆ្លងកូរ៉ូណាវីរុស នៅក្នុងប្រទេសជប៉ុន មានចំនួនតិចជាងឆ្ងាយ ពីកូរ៉េខាងត្បូងនិងចិន ប៉ុន្តែទីក្រុងតូក្យូ មានក្តីព្រួយបារម្ភបន្ថែម ស្តីពីថាត្រូវបន្តធ្វើជាម្ចាស់ផ្ទះ រៀបចំកីឡាអូឡាំពិក នៅរដូវក្តៅនេះដែរ ឬក៏អត់ ហើយយោងតាម ក្រសួងការបរទេសកូរ៉េខាងត្បូង ជប៉ុនបានទទួលបាននូវការគាំទ្រ ឲ្យធ្វើជាម្ចាស់ផ្ទះ រៀបចំកីឡាអូឡាំពិក ក្នុងអំឡុងកិច្ចពិភាក្សាគ្នា រវាងរដ្ឋមន្ត្រីការបរទេសទាំង៣នេះ។

គួរបញ្ជាក់ថា ប្រទេសជប៉ុន មានករណីឆ្លងកូរ៉ូណាវីរុស ក្នុងស្រុកចំនួន៩៦៣ករណី និងមានករណីស្លាប់ ចំនួន៣៣ករណី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ NHK ហើយនោះបូកបញ្ចូល ករណីចំនួនជាង៧០ករណីផ្សេងទៀត និងការស្លាប់៧ករណី មកពីនាវាទេសចរណ៍មួយគ្រឿង ដែលចូលចតក្បែរទីក្រុងតូក្យូ កាលពីខែមុន៕ ប្រែសម្រួល៖ប៉ាង កុង

To Top