ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការណាតូ ព្រួយបារម្ភពីការចលាចល នៅអាហ្វហ្គានីស្ថាន ក្រោយមានកិច្ចព្រមព្រៀងសន្តិភាព

បរទេស៖ អង្គការណាតូ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានក្តីព្រួបារម្ភ អំពីភាពចលាចលនយោបាយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយសហរដ្ឋអាមេរិក បានអំពាវនាវ ឲ្យធ្វើការផ្លាស់ប្តូរអ្នកទោសគ្នា រវាងរដ្ឋាភិបាល នៃទីក្រុងកាប៊ុល និងពួកតាលីបង់ ឲ្យចាប់ផ្តើមឆាប់បំផុត តាមដែលអាចទៅរួច។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍ នៅក្នុងអំឡុងសន្និសីទកាសែតមួយ នៅទីបញ្ជាការកណ្ដាលសម្ព័ន្ធមិត្ត ក្នុងប្រទេសប៊ែលហ្ស៊ិកថា រដ្ឋាភិបាលបង្រួបបង្រួមអាហ្វហ្គានីស្ថាន ចាំបាច់ត្រូវតែធ្វើ កិច្ចពិភាក្សាអន្តរអាហ្វហ្គានីស្ថាននានា ជាមួយពួកតាលីបង់។

លោកបានមានប្រសាសន៍ យ៉ាងដូច្នេះថា “ពិតណាស់ យើងមានក្តីព្រួយបារម្ភ អំពីភាពចលាចលនយោបាយ ដែលយើងមើលឃើញ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាពេលបច្ចុប្បន្ននេះ ហើយកាលពីពីរសប្ដាហ៍មុន ខ្ញុំបាននៅក្នុងទីក្រុងកាប៊ុល នៅពេលដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានចុះហត្ថលេខា និងដើម្បីធ្វើឲ្យប្រាកដថា កិច្ចព្រមព្រៀងត្រូវបានគេអនុវត្ត យើងត្រូវការរដ្ឋាភិបាល បង្រួបបង្រួមអាហ្វហ្គានីស្ថានមួយ ដែលអាចជាផ្នែក នៃដំណើរការ ចរចានយោបាយ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top