ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Jack Ma បរិច្ចាគម៉ាស ១,៨លានម៉ាស និងសម្ភារៈចាំបាច់ផ្សេងទៀត ដល់កម្ពុជា និងប្រទេសជាច្រើនទៀត

បរទេស៖ មហាសេដ្ឋីចិនលោក Jack Ma នៅដើមសប្តាហ៍នេះបានសន្យាថា នឹងបញ្ជូនម៉ាសមុខ ចំនួន ១០០,០០០ ម៉ាស , ឧបករណ៍ធ្វើតេស្ត ចំនួន ២០,០០០ និងឈុតការពារចំនួន ១.០០០ ដល់ប្រទេសនីមួយៗ នៃទ្វីបអាហ្វ្រិកចំនួន ៥៤ ។ យោងតាមកាសែត South China Morning Post បានអោយដឹងថា លោក Jack Ma ក៏បានបរិច្ចាគសំភារៈធ្វើតេស្ត រកមេរោគឆ្លងចំនួន ៥០០,០០០ និងម៉ាសចំនួន ១លាន ដល់សហរដ្ឋអាមេរិកផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មូលនិធិ Jack Ma និងមូលនិធិ Alibaba បានប្រកាសថា នឹងបរិច្ចាគគ្រឿងផ្គត់ផ្គង់ វេជ្ជសាស្ត្រ ដល់ប្រទេសចំនួន ១០ ទៀត នៅអាស៊ី ដើម្បីជួយដល់ការប្រយុទ្ធ ជាសកល ប្រឆាំងនឹងជំងឺរាតត្បាត របស់មេរោគ COVID-១៩ ។

អំណោយដែលផ្តល់ជូនមាន ម៉ាសចំនួន ១,៨ លាន, ឧបករណ៍ធ្វើតេស្តមេរោគ ចំនួន ២១០.០០០ , សម្លៀកបំពាក់ការពារ ចំនួន ៣៦.០០០ កំផ្លេ ព្រមទាំងសំភារៈពេទ្យ និងសំភារៈចាំបាច់នានា ដែលរួមមានបំពង់ខ្យល់ និងឧបករណ៍វាស់កម្តៅថ្ងាស នឹងត្រូវបញ្ជូនទៅរដ្ឋាភិបាល អាហ្វហ្គានីស្ថាន បង់ក្លាដែស កម្ពុជា ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កា៕
ប្រែសម្រួលៈ ណៃ តុលា

To Top