ភ្នំពេញ៖ ប្រធានអង្គការ សុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រលយឱ្យដឹង នៅថ្ងៃអាទិត្យទី២៣ ខែមីនា ឆ្នាំ២០២០ថា បុគ្គលិកសុខាភិបាលទាំងឡាយ កំពុងស្ថិតនៅក្នុងស្ថានភាព ប្រថុយប្រថានខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង កូវីដ១៩។
តាមរយៈបណ្តាញសង្គមធ្វីតធឺ ផ្ទាល់ខ្លួន លោក Tedros បានគូសបញ្ជាក់ថា “ពួកគេ (បុគ្គលិកសុខាភិបាល) បាននិងកំពុងបំពេញកាតព្វកិច្ច របស់ពួកគេយ៉ាងសកម្ម ទោះស្ថិតនៅក្នុងសំពាធអារម្មណ៍ យ៉ាងណាក្តី។ យើងចង់ឱ្យប្រជាពលរដ្ឋទាំងឡាយ ធ្វើកិច្ចការរបស់អ្នកវិញដែរ នោះគឺ អនុវត្តតាមការណែនាំ របស់មន្រ្តីសុខាភិបាល របស់ប្រទេសរបស់អ្នក និងWHO។ សូមនៅផ្ទះ លាងដៃឱ្យបានស្អាត ខ្ទប់មាត់ពេលក្អករឺក្រដាស និងរក្សាគម្លាតពីគ្នា”។
ប្រធានWHO រូបនេះបានបន្តទៀតថា បុគ្គលិកសុខាភិបាល ក៏ជាមនុស្សដែរ ហើយពួកគេអាចធ្លាក់ខ្លួនឈឺ ប្រសិនបើមិនមានបរិក្ខាពេទ្យ សម្រាប់ការពារ ឱ្យបាគ្រប់គ្រាន់ទេនោះ។
លោកបន្តថា “អង្គការសុខភាពពិភពលោក កំពុងអំពាវនាវ ឱ្យភាគីពាក់ព័ន្ធ ជួយផ្គត់ផ្គង់បរិក្ខារចាំបាច់បន្ថែម តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែយ៉ាងណាៗ សូមយើងម្នាក់ៗថែរក្សាសុខភាព អនាម័យផ្ទាល់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីកាត់បន្ថយការចម្លង COVID-19”៕
ដោយៈ សយ សុភា