បរទេស៖ នាយករដ្ឋមន្រ្តីលោក ង្វៀន ស៊ុនហ្វុក បានបញ្ជាឱ្យផ្អាក រាល់ជើងហោះហើរ អន្តរជាតិទាំងអស់ មកកាន់ប្រទេសវៀតណាម ចំពេលមានការរឹតត្បិត ការចូលមកក្នុងប្រទេសនេះ ទាំងតាមរយៈផ្លូវអាកាស ផ្លូវគោក និងសមុទ្រ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការរឹតត្បឹតយ៉ាងខ្លាំងនេះ ធ្វើឡើងបន្ទាប់ពីមានការកើនឡើង នៃចំនួនអ្នកឆ្លងថ្មីមេរោគ កូវីដ១៩ ដល់ ៧៥នាក់ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដែលក្នុងនោះមាន ២៤ នាក់ជាជនបរទេស ហើយភាគច្រើន បានវិលត្រឡប់មកពីអឺរ៉ុប ឬឆ្លងពីប្រទេស ដែលមានជំងឺរាតត្បាត។
លោក ហ្វុក បាននិយាយថា ក្រសួងការបរទេស និងស្ថានទូតបរទេស គួរតែផ្តល់អនុសាសន៍ថា ជនជាតិវៀតណាម ដែលរស់នៅក្រៅប្រទេស មិនត្រូវវិលត្រឡប់ទៅផ្ទះវិញទេ ប្រសិនបើវាមិនចាំបាច់។ លោកបន្តថា រដ្ឋាភិបាលនឹងធ្វើបញ្ជីឈ្មោះ ជនជាតិវៀតណាម និងនិស្សិតបរទេស ដែលត្រូវការវិលត្រឡប់ ទៅផ្ទះវិញ និងរៀបចំជើងហោះហើរ សម្រាប់ពួកគេ។
លោកហ្វុក បន្ថែម បាននិយាយនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃសុក្រថា “អ្នកគ្រប់គ្នាទាំងអស់ ដែលចូលក្នុងប្រទេសវៀតណាម ត្រូវតែត្រូវបានគេដាក់ ឱ្យនៅដាច់ដោយឡែក យ៉ាងតឹងរ៉ឹង ហើយអ្នករំលោភ នឹងត្រូវទទួលទណ្ឌកម្មខ្លាំង” ។
ប្រទេសវៀតណាម ក៏បានផ្អាកទិដ្ឋាការ សម្រាប់ការមកដល់ របស់ជនបរទេសទាំងអស់ ដែលចាប់ផ្តើមនៅថ្ងៃពុធនេះ ហើយទាមទារអោយដាក់ទាំងអស់ ស្នាក់នៅដាច់ដោយឡែក រយៈពេល ២ សប្តាហ៍ដោយចាប់ផ្តើម ពីថ្ងៃសៅរ៍ទៅ៕
ប្រែសម្រួលៈ ណៃ តុលា