ព័ត៌មានអន្តរជាតិ

ថៃរកឃើញ អ្នកឆ្លងថ្មី ១៨៨ករណី ភាគច្រើនឆ្លងពី ការចូលរួមមើលប្រដាល់, សរុបអ្នកឆ្លងមានជិត៦០០នាក់

បរទេស៖ មន្ត្រីក្រសួងសុខាភិបាល ជាន់ខ្ពស់បាននិយាយថា ប្រទេសថៃ បានរាយការណ៍ថា មានការឆ្លងមេរោគថ្មីកូវីដ១៩ចំនួន ១៨៨ នាក់បន្ថែមទៀត នៅថ្ងៃអាទិត្យ ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតក្នុងប្រទេសនេះ ដែលនាំឱ្យមានអ្នកឆ្លងវីរុសសរុបចំនួន ៥៩៩ ករណី។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងសុខាភិបាលថៃលោក Taweesin Wisanuyothin បានប្រាប់សន្និសីទកាសែតថា ភាគច្រើននៃការឆ្លងថ្មីត្រូវបាន ផ្សារភ្ជាប់ទៅនឹងអ្នកមើលប្រដាល់នៅកីឡដ្ឋាន Lumpini ។

លោកបាននិយាយថាមនុស្ស ៧ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលម្នាក់បានធូរស្បើយរួចហើយ។

វេជ្ជបណ្ឌិត Taweesin បានជំរុញឱ្យប្រជាជននៅផ្ទះ ហើយនិយាយថា“ ករណីថ្មីៗភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងស្ថិតក្នុងចំណោមយុវជន ដែលបន្តមានសកម្មភាពនៅជុំគ្នា ដែលអាចនាំឱ្យមានការឆ្លងកាន់តែច្រើន” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top