ព័ត៌មានអន្តរជាតិ

រុស្សីបញ្ជូនយោធា ទៅជួយអ៊ីតាលី ដើម្បីប្រយុទ្ធប្រឆាំង នឹងកូរ៉ូណា

បរទេស ៖ អ៊ីតាលី បានក្លាយទៅជាប្រទេស ដែលមានស្ថានភាពអាក្រក់បំផុត ពីការរាតត្បាតដោយកូរ៉ូណា នៅពេលនេះដោយមនុស្សស្លាប់ បានកើនទៅដល់ជិត១ពាន់នាក់ ក្នុងមួយថ្ងៃជាចំនួនមិនធ្លាប់មាន ទោះនៅចិនឬអ៊ីរ៉ង់ក្តី ។ នៅថ្ងៃអាទិត្យទី២២ ខែមិនានេះប្រទេសរុស្សី បានប្រកាសថា នឹងបញ្ជួនយោធា ព្រមជាមួយនឹងឧបករណ៍បរិក្ខារពេទ្យ ជាច្រើនដើម្បីទៅចូលរួមក្នុងការប្រយុទ្ធ ប្រឆាំងជំងឺដ៏កាចសាហាវមួយនេះ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីពូទីន បាននិយាយទៅ កាន់នាយករដ្ឋមន្ត្រីអ៊ីតាលី លោកកុងតេថា រដ្ឋាភិបាលក្រមឡាំងនឹងផ្តល់ជំនួយ និងការគាំទ្រជាច្រើនទៅកាន់តំបន់ ដែលកំពុងរងការវាយប្រហារនៅក្នុងប្រទេស អ៊ីតាលីដោយរួមមានទាំងយោធា អ្នកជំនាញខាងវិទ្យាសាស្ត្រ ឧបករណ៍សុខាភិបាលព្រមទាំង រថយន្តពេទ្យជាដើមផងដែរ ។

អ្វីដែលពិភពលោក បានដឹង នៅពេលនេះប្រទេសចិន ៣ថ្ងៃចុងក្រោយ បានប្រកាសថា មិនមានករណីឆ្លងឡើយសូម្បីតែម្នាក់ នៅក្នុងប្រទេសប៉ុន្តែនៅអ៊ីតាលីវិញ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញតែមួយថ្ងៃអ្នកស្លាប់ មានចំនួនដល់ទៅ៨០០នាក់ ដែលវាបានធ្វើឲ្យអ្នកបាត់បង់ជីវិត សរុបដោយសារកូរ៉ូណា កើនដល់៥០០០នាក់ទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top