បរទេស៖ ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ខ្លួនវាយតម្លៃយ៉ាងវិជ្ជមាន ចំពោះសេចក្តីសម្រេចចិត្ត របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបញ្ជូនលិខិតមួយ ឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយស្នើផ្តល់ជំនួយអាមេរិក ពាក់ព័ន្ធបញ្ហាកូរ៉ូណាវីរុស។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា មន្ត្រីនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោកស្រី Cho Hye-sil បានលើកឡើងនៅថ្ងៃចន្ទនេះ នៅក្នុងសន្និសីទកាសែតមួយថា លិខិតរបស់លោក ត្រាំ ផ្ញើឲ្យលោក គីម បានចូលរួមចំណែកដល់សន្តិភាពនៅកូរ៉េ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការបញ្ជាក់ថា លោកពិតជាបានផ្ញើលិខិតមួយទៅឲ្យលោក គីម មែន។ ក្រៅពីនេះ សហរដ្ឋអាមេរិក ក៏បានស្នើផ្តល់ជំនួយដល់ ប្រទេសអ៊ីរ៉ង់និងប្រទេសដទៃផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ ប៉ាង កុង