Covid-19

ពលរដ្ឋសឹង្ហបុរី ដែលត្រឡប់មកពីអាមេរិក និងអង់គ្លេស នឹងត្រូវបញ្ជូនទៅសណ្ឋាគារ ខណៈអ្នកឆ្លងវីរុសកូវីដសរុបកើនដល់ ៥៥៨នាក់

SINGAPORE៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃអង្គារ (២៤ មីនា) បានឱ្យដឹងថា ការវិលត្រឡប់របស់ប្រជាជនសិង្ហបុរីដែលបានធ្វើដំណើរពី ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក នឹងត្រូវគេនាំចេញពីព្រលានយន្តហោះ ទៅសណ្ឋាគារតែម្តង ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជាតិលោក Lawrence Wong ដែលជាសហប្រធានទទួលបន្ទុកកិច្ចការពហុក្រសួងបានមានប្រសាសន៍ថា អ្នកដែលវិលត្រឡប់មកពីប្រទេសទាំងពីរមានចំនួនច្រើនបំផុតនៃករណីវីរុសកូវីដ១៩ដែលបាននាំចូលមក ហើយវិធានការនេះនឹងជួយការពារពីការរីករាលដាលនៃការឆ្លងដល់សមាជិកគ្រួសាររបស់ពួកគេ។ 

លោកបាននិយាយថានេះគឺជាការដើម្បីធ្វើឱ្យប្រាកដថា គ្មានអ្នកវិលត្រឡប់ណាមួយ បានចម្លងវីរុសនេះទៅក្រុមគ្រួសាររបស់ពួកគេទេ។

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយថា “ យើងរំពឹងថានឹងមានប្រជាជនសិង្ហបុរីកាន់តែច្រើនរួមទាំងក្រុមនិស្សិតជនជាតិសិង្ហបុរីផងដែលវិលត្រឡប់មកពីប្រទេសទាំងនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីឆ្លើយតបនឹងវិធានការបិទប្រទេសរបស់ប្រទេសទាំងពីរ ។

លោក Wong បន្ថែមថា ក្នុងមួយថ្ងៃ មានប្រជាជនប្រហែល ១.២០០ នាក់ មកសិង្ហបុរីពីសហរដ្ឋអាមេរិកនិងអង់គ្លេស ប៉ុន្តែចំនួននេះអាចប្រែប្រួល។

សូមជម្រាបថា ប្រទេសសឹង្ហបូរីឃើញមានការកើនឡើងនូវករណីឆ្លងវីរុស ដែលភាគច្រើនជាករណីត្រូវបាននាំចូល។ ប្រទេសសឹង្ហបូរី នៅថ្ងៃអង្គារបានរាយការណ៍ករណីថ្មីចំនួន ៤៩ ករណី នៃវីរុសកូវីដ១៩ ដែលធ្វើអោយចំនួនសរុបដែលបានឆ្លងកើនឡើងនៅក្នុងប្រទេសនេះដល់ ៥៥៨ ក្នុងនោះករណីថ្មីចំនួន ៣២ ត្រូវបាននាំចូល៕

https://www.channelnewsasia.com/news/singapore/covid19-returning-singapore-residents-uk-us-shn-hotels-12571490
To Top