Covid-19

ប្រទេសកូរ៉េខាងត្បូង មិនមានគ្រូពេទ្យនិង គិលានុបដ្ឋាយិការគ្រប់គ្រាន់ ហើយអ្នកជំងឺស្លាប់ ពេលកំពុងរង់ចាំគ្រែសម្រាកនៅមន្ទីរពេទ្យ

DAEGU៖ ក្នុងអំឡុងពេលថ្ងៃដ៏ខ្មៅបំផុត នៃការផ្ទុះឡើងនៃវីរុសឆ្លងកូវីដ១៩ ប្រទេសកូរ៉េខាងត្បូងមិនមាន គ្រូពេទ្យនិងគិលានុបដ្ឋាយិការគ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺនោះទេ ហើយអ្នកជំងឺបានស្លាប់ ក្នុងពេលកំពុងរង់ចាំគ្រែសម្រាកនៅមន្ទីរពេទ្យ។

យោងតាមសារព័ត៌មាន The Wall Street Journal ចេញផ្សាយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការគ្រប់គ្រងស្ថានការណ៍ របស់ប្រទេសនេះបានប្រែក្លាយកាន់តែយ៉ាប់យ៉ឺនទៅៗ តែទោះជាយ៉ាងណា ក៏មានការបង្កើតប្រព័ន្ធបម្រុងគ្រែមន្ទីរពេទ្យ សម្រាប់អ្នកដែលត្រូវការបំផុត និងបង្កើតកន្លែងទំនេរបន្ថែមទៀត ដោយមានជំនួយពីក្រុមហ៊ុនធំបំផុតផងដែរ។

សូមជម្រាបថា ប្រទេសកូរ៉េខាងត្បួងបានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីបំផុតទាបបំផុត ចាប់តាំងពីអត្រាឆ្លងបានឈានដល់កំពូល រយៈ ៤ សប្តាហ៍មុន ដែលជាហេតុធ្វើឱ្យក្តីសង្ឃឹមនៃការផ្ទុះឡើងដ៏អាក្រក់បំផុតរបស់អាស៊ីនៅក្រៅប្រទេសចិន អាចនឹងត្រូវបញ្ឈប់។

ប្រទេសនេះបានកត់ត្រាករណីថ្មីនៃវីរុសកូវីដ១៩ ចំនួន ៦៤ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលសរុបទៅមានចំនួន ៨.៩៦១ នាក់បានឆ្លង៕ប្រែសម្រួលៈ ណៃ តុលា

To Top