បរទេស៖ ក្រសួងសុខាភិបាល របស់ប្រទេសថៃ នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា អ្នកស្លាប់ដោយសារមេរោគកូវីដ១៩ កើនឡើងដល់ចំនួន ៤ នាក់ និង ១០៦ នាក់ឆ្លងថ្មី ដែលធ្វើអោយចំនួនអ្នកឆ្លង សរុបនៅថៃកើនដល់ ៨២៧ នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesin Wisanuyothin អ្នកនាំពាក្យក្រសួងសុខាភិបាល បាននិយាយថា អ្នកស្លាប់ថ្មីទាំង ៣ នាក់គឺជាបុរសជនជាតិថៃ ដែលមានបញ្ហាសុខភាព ដោយម្នាក់មានអាយុ ៧០ ឆ្នាំហើយមានជំងឺរបេង។ ម្នាក់ទៀតជាគ្រូប្រដាល់ Muay Thai អាយុ ៧៩ ឆ្នាំដែលមានជំងឺរ៉ាំរ៉ៃជាច្រើនមុខ ហើយត្រូវបានអនុញ្ញាត ឱ្យចូលព្យាបាលនៅថ្ងៃទី ១៦ ខែមីនា។ អ្នកទាំងពីរត្រូវបានដាក់ឱ្យព្យាបាល នៅនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ក្នុងខេត្ត Nonthaburi ។
ការស្លាប់ផ្សេងទៀត គឺជាបុរសអាយុ ៤៥ ឆ្នាំ ជាមនុស្សធាត់ និងមានជំងឺទឹកនោមផ្អែម ។ គាត់ត្រូវបានគេព្យាបាល នៅមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុងបាងកក។
សូមជម្រាបថា ក្នុងចំណោមអ្នកឆ្លងមេរោគកូវីដ១៩ សរុបចំនួន ៨២៧ នាក់ គឺមនុស្ស ៥៧ នាក់បានជាសះស្បើយ និងត្រូវបានរំសាយចេញ ក្នុងនោះមាន ៥ នាក់ ចេញកាលពីថ្ងៃច័ន្ទ។ នៅសល់ ៧៦៦ នាក់ទៀតកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរួមទាំងអ្នកជម្ងឺធ្ងន់ធ្ងរចំនួន ៤ នាក់ ដែលប្រើឧបករណ៍ដកដង្ហើម។ ៨០ ភាគរយ នៃអ្នកជំងឺស្ថិតក្នុងស្ថានភាពល្អ៕
ប្រែសម្រួលៈ ណៃ តុលា