Covid-19

ទីក្រុង វូហាន របស់ចិន កាលពីថ្ងៃអង្គារ បន្តគ្មានអ្នកឆ្លងថ្មី របស់វីរុស COVID-១៩ ប៉ុន្តែអ្នកជាសះស្បើយមានចំនួន ៤៨៧ នាក់

វូហាន៖ គ្មានករណីថ្មី ដែលត្រូវបានគេអះអាងថា មានជំងឺ COVID-១៩ ត្រូវបានគេរាយការណ៍ កាលពីថ្ងៃអង្គារនៅទីក្រុង Wuhan ជាអតីតទីក្រុង ដែលរងគ្រោះខ្លាំងជាងគេ នៅខេត្តហ៊ូប៉ីភាគ កណ្តាលប្រទេសចិន នោះទេ។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខាភិបាលរបស់ខេត្តហ៊ូប៉ី ដែលក្នុងនោះ វូហានជារដ្ឋធានី បាននិយាយនៅថ្ងៃពុធថា ករណីជំងឺរលាកសួតធ្ងន់ធ្ងរ ឬ COVID-១៩ នៅទីក្រុងវូហាន និងហ៊ូប៉ីនៅតែមានចំនួន ៥០.០០៦នាក់ និង ៦៧.៨០១នាក់ ដដែលនៅថ្ងៃអង្គារ។

ខេត្ត ហ៊ូប៉ី បានឃើញការស្លាប់ចំនួន ៣ នាក់ដែលក្នុងនោះ ២ នាក់ស្លាប់នៅវូហាន។

ខេត្តភាគកណ្តាល របស់ប្រទេសចិនមួយនេះ ក៏បានបញ្ជាក់ថា គ្មានករណីឆ្លងថ្មី ដែលត្រូវបានបញ្ជាក់ កាលពីថ្ងៃអង្គារនោះទេ ហើយក៏មិនមានរបាយការណ៍ សង្ស័យថ្មីណាមួយត្រូវបានរាយការណ៍ កាលពីថ្ងៃអង្គារនោះដែរ ។

ខេត្តនេះបានឃើញអ្នកជំងឺ ៤៨៧ នាក់ បានចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជា សះស្បើយកាលពីថ្ងៃអង្គារ ។ ក្នុងចំណោមអ្នកជំងឺ ៣.៧៧២ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺមាន ១.០៥០ នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ ហើយ ៣១៨ នាក់ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ៕
ប្រែសម្រួលៈ ណៃ តុលា

To Top