បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានចាប់ផ្តើមសាងសង់ មន្ទីរពេទ្យថ្មីមួយកន្លែង តាមបទបញ្ជា របស់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន។
កាសែតគណបក្សពលករកូរ៉េ Rodong Sinmun បានរាយការណ៍ នៅថ្ងៃពុធម្សិលមិញនេះថា សំណងនៃមន្ទីរពេទ្យ Pyongyang General Hospital នាពេលថ្មីៗនេះ បានចាប់ផ្តើមឡើង ជាមួយនឹងការគាំទ្រផ្នែកសម្ភារៈដ៏ច្រើន ផ្គត់ផ្គង់ការងារប្រចាំថ្ងៃ ដោយមានវត្តមាន បុគ្គលិកប្រាកដដោយភក្តីភាព។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួន កាលពីខែមករា ក្នុងដំណើរឆ្លើយតប នឹងការផ្ទុះរីករាលដាលឆ្លង នៃកូរ៉ូណាវីរុស នៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលកូរ៉េខាងជើង បានអះអាងថា គ្មានករណីកូរ៉ូណា ក្នុងប្រទេសនោះទេ ប៉ុន្តែកាលពីសប្ដាហ៍មុន លោក គីម ជុងអ៊ុន បានត្អូញត្អែពីកង្វះខាតអគារពេទ្យ នៅក្នុងប្រទេសរបស់លោក៕ ប្រែសម្រួល៖ប៉ាង កុង