ព័ត៌មានអន្តរជាតិ

អាមេរិក ចោទប្រកាន់មេដឹកនាំ វេណេស៊ុយអេឡា និងអ្នកផ្សេងទៀត ពីបទជួញដូរគ្រឿងញៀន

បរទេស ៖ អគ្គមេធាវីសហរដ្ឋអាមេរិក លោក William Barr តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសបទចោទ ប្រកាន់ពីការជួញដូរគ្រឿងញៀន លើប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់ដទៃផ្សេងទៀត ។

ការចោទប្រកាន់របស់ក្រសួងយុត្តិធម៌នោះ បាននិយាយថា លោក ម៉ាឌូរ៉ូ បានជួយគ្រប់គ្រងនិងដឹកនាំអង្គការរត់ពន្ធមួយ ដែលមានឈ្មោះថា Cartel of the Suns ហើយអង្គការ Cartel of the Suns នេះ បានស្វះស្វែងប្រឹងប្រែង នាំចូលសហរដ្ឋអាមេរិក នូវសារធាតុកូកាអ៊ីនដ៏ច្រើនមហិមា និងធ្វើឲ្យជះឥទ្ធិពលគ្រឿថ្នាក់និងញៀនថ្នាំនោះ លើអ្នកប្រើប្រាស់ នៅក្នុងប្រទេសនេះផងដែរ ។

យោងតាមប្រភពពីកាសែត UPI បានឲ្យដឹងថា រដ្ឋអាជ្ញានានា បាននិយាយថា លោក ម៉ាឌូរ៉ូ និងសមាជិក នៃអង្គការ Cartel of the Suns បានផ្តល់អាទិភាពដល់ការ ប្រើប្រាស់សារធាតុកូកាអ៊ីន ជាអាវុធមួយសម្រាប់ប្រឆាំងអាមេរិក និងបាននាំចូលយ៉ាងច្រើន សន្ធឹកសន្ធាប់ ទៅក្នុងសហរដ្ឋអាមេរិក តាមដែលអាចទៅរួច៕
ប្រែសម្រួល៖ប៉ាង កុង

To Top