ព័ត៌មានអន្តរជាតិ

អាមេរិកកាត់បន្ថយ ជំនួយមនុស្សធម៌ សម្រាប់យេម៉ែន

បរទេស៖ ទីភ្នាក់ងារសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយជំនួយមនុស្សធម៌ ដែលខ្លួនបានបញ្ជូន ទៅឲ្យប្រទេសយេម៉ែន ស្របពេលដែលមាន ការជ្រៀតជ្រែកពីពួកឧទ្ទាម ហូធី។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ការកាត់បន្ថយជំនួយនេះ គឺត្រូវបានធ្វើឡើង ស្របពេល ដែលការប្រយុទ្ធគ្នាមានការកើនឡើង នៅក្នុងសង្គ្រាមស៊ីវិល រយៈពេល៥ឆ្នាំរបស់ប្រទេស នៅតំបន់មជ្ឈិមបូព៌ាមួយនេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំមិញ សហរដ្ឋអាមេរិក បានផ្តល់ប្រាក់ ៧០០លានដុល្លារអាមេរិក ឲ្យទៅប្រទេសយេម៉ែន ហើយទីភ្នាក់ងារ ផ្តល់ជំនួយមនុស្សធម៌ Oxfam នៅពេលថ្មីៗនេះ បានអំពាវនាវឲ្យអាមេរិក កែប្រែការសម្រេចចិត្ត កាត់បន្ថយជំនួយនោះវិញ ដោយនិយាយថា វានឹងជារឿងដ៏សំខាន់ សម្រាប់ត្រៀមរៀបចំប្រទេសនេះ សម្រាប់ការផ្ទុះឆ្លងនៃកូរ៉ូណាវីរុស៕ ប្រែសម្រួល៖ប៉ាង កុង

To Top