សេអ៊ូល៖ មេដឹកនាំនៃប្រទេស ដែលមានសេដ្ឋកិច្ចធំៗ នៃក្រុមប្រទេសចំនួន ២០ (G-២០) បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងខិតខំប្រឹងប្រែងដើម្បី លុបបំបាត់វិបត្តិជំងឺកូវីដ-១៩ ដោយថានឹងធានាបាននូវលំហូរឆ្លងកាត់ នៃសម្ភារៈឆ្លើយតបសំខាន់ៗ រួមទាំងការផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រ និងផលិតផលកសិកម្ម។
យោងតាមសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានអនុម័តក្នុង សន្និសីទវីដេអូពិសេសរបស់ក្រុមមេដឹកនាំបានឱ្យដឹងថា ភាគីទាំងអស់ក៏បានយល់ព្រមបន្ត “ការគាំទ្រសារពើពន្ធទ្រង់ទ្រាយធំ ដើម្បីកាត់បន្ថយផលប៉ះពាល់ អវិជ្ជមាននៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចពិភពលោក។
សេចក្តីថ្លែងការណ៍នោះបានសរសេរថា “G-20 ប្តេជ្ញាធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីយកឈ្នះលើរោគរាតត្បាត” រួមជាមួយអង្គការអន្តរជាតិ ដូចជាអង្គការសុខភាពពិភពលោក អង្គការសហប្រជាជាតិ និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ៕
ដោយ ឈូក បូរ៉ា