Covid-19

អ្នកស្លាប់នៅថៃ ដោយសារវីរុសកូវីដ១៩ កើនដល់៥នាក់ ខណៈអ្នកឆ្លង មានចំនួន ១.១៣៦ នាក់

បរទេស ៖ ក្រសួងសុខាភិបាលរបស់ថៃ បានរាយការណ៍ពីការស្លាប់មួយ ករណីបន្ថែមទៀត ពីជំងឺឆ្លងកូវីដ១៩ នៅថ្ងៃសុក្រដែលនាំឱ្យមានអ្នកស្លាប់ដល់ទៅ ៥ នាក់ ខណៈដែលករណីថ្មីចំនួន ៩១ ត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ៥២ ដែលបានកើនឡើងដល់ ១,១៣៦ នាក់។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា វេជ្ជបណ្ឌិត Anupong Suchariyakul អ្នកឯកទេសនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ ប្រទេសថៃបាននិយាយថា ក្នុងចំនោមមនុស្សទាំងអស់ ១.០៣៤ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានអ្នកជំងឺចំនួន ១១ នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដែលប្រើឧបករណ៍ដកដង្ហើម និង ៩៧ នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យបន្ទាប់ពីជាសះស្បើយ ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀតនោះ គឺបុរសជនជាតិថៃអាយុ ៥០ ឆ្នាំនៅស្រុក Sungai Kolok ខេត្ត Narathiwat ។

ក្នុងចំណោមករណី ដែលបានកត់ត្រាទាំងអស់ ៨៣ ភាគរយជាជនជាតិថៃ និង ១២ ភាគរយជាជនបរទេស៕
ប្រែសម្រួៈ ណៃ តុលា

To Top