Covid-19

ប្រធានាធិបតីចិន ជំរុញឱ្យអាមេរិក ចាត់វិធានការជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីការពារសុវត្ថិភាព និងសុខភាព ដល់ពលរដ្ឋចិននៅអាមេរិក

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ីជីនពីង បាននិយាយ នៅថ្ងៃសុក្រថា ប្រទេសចិនសង្ឃឹមថា ភាគីសហរដ្ឋអាមេរិកនឹង ចាត់វិធានការជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីការពារសុវត្ថិភាពនិងសុខភាព ដល់ពលរដ្ឋចិន នៅសហរដ្ឋអាមេរិក។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអាមេរិក គឺលោកដូណាល់ត្រាំ លោកស៊ី បានកត់សម្គាល់ថា បច្ចុប្បន្នមានជនជាតិចិនមួយចំនួនធំ នៅសហរដ្ឋអាមេរិក រួមទាំងនិស្សិតចិនផងដែរ។

ប្រធានាធិបតីចិន ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក ចាត់វិធានការសំខាន់ៗក្នុងការធ្វើឱ្យប្រសើរឡើងនូវ ទំនាក់ទំនងទ្វេភាគី ថែមទៀតផង។

លោកបានស្នើឱ្យភាគីទាំងពីរ ធ្វើការរួមគ្នាដើម្បីជំរុញ កិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងការរាតត្បាត និងវិស័យផ្សេងទៀត និងអភិវឌ្ឍទំនាក់ទំនង នៃការមិនមានជម្លោះ ការមិនប្រឈមមុខគ្នា ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top