ប៉េកាំង៖ ប្រធានផ្នែកមនុស្សធម៌ របស់អង្គការសហប្រជាជាតិ លោក Mark Lowcock បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីចិនលោក ស៊ីជីនពីង បានបញ្ជូនសញ្ញាដ៏មានឥទ្ធិពលមួយ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ អន្តរជាតិនិងការចែករំលែក ព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូល របស់មេដឹកនាំប្រទេស G20 នៅលើជំងឺ COVID-១៩ ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងកិច្ចសម្ភាសជាមួយ ស៊ិនហួតាមរយៈការភ្ជាប់វីដេអូ លោក Lowcock បានមានប្រសាសន៍ថា “ គាត់ (លោកស៊ី) បានបង្ហាញនូវការប្តេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងការធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ” ។
លោកបន្ថែមថា «ខ្ញុំបានអានសេចក្តីថ្លែងការណ៍ ដ៏សំខាន់របស់ប្រធានាធិបតី ស៊ីជីនពីង ហើយគាត់ប្រាកដជាប្រកាន់ខ្ជាប់ នូវបរិបទនៃការធ្វើការជាមួយគ្នា។ នេះគឺជាជំងឺដែលគំរាមកំហែងដល់មនុស្សជាតិទាំងមូល។ គ្មាននរណាម្នាក់ អាចរួចផុតពីជំងឺនេះបានទេ រហូតដល់មនុស្សគ្រប់គ្នាមានសុវត្ថិភាពពីវា»៕
ប្រែសម្រួលៈ ណៃ តុលា