NEW YORK៖ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ៨២.០០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ (២៦ មីនា) ចំនួននេះ គឺលើសពីប្រទេសចិននិងអ៊ីតាលី ដោយសារតែទីក្រុងញូវយ៉ក និងញូវអរលែន និងតំបន់ដែលជាចំណុចក្តៅដទៃទៀត ប្រឈមមុខនឹងការកើនឡើង នៃអ្នកសម្រាកពេទ្យ និងកង្វះខាតការផ្គត់ផ្គង់បុគ្គលិកនិងគ្រែអ្នកជំងឺ។
យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយមានបរិក្ខាពេទ្យដែលមានឧបករណ៍បំពង់ខ្យល់ និងម៉ាសការពារ មានចំនួនទាប និងឧបសគ្គដោយសមត្ថភាពតេស្ត ធ្វើរោគវិនិច្ឆ័យមានកំណត់, ចំនួនអ្នកស្លាប់របស់អាមេរិកដោយសារវីរុសកូវីដ១៩ បានកើនឡើងលើសពី ១.២០០ នាក់។
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានមានប្រសាសន៍ថា “ យើងកំពុងធ្វើសង្គ្រាមជាមួយវីរុសនេះ ដោយប្រើរាល់ធនធាន ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ វេជ្ជសាស្ត្រឱសថ និងយោធា ដើម្បីបញ្ឈប់ការរីករាលដាល និងការពារពលរដ្ឋរបស់យើង” ។
ដោយមានជនជាតិ អាមេរិកប្រមាណ ៤០ ភាគរយ ស្ថិតនៅក្រោមការបញ្ជា ឱ្យនៅក្នុងផ្ទះនោះ លោក ដូណាល់ ត្រាំ បានជំរុញឱ្យពលរដ្ឋធ្វើផ្នែក របស់ពួកគេដោយអនុវត្ត គម្លាតពីការជួបជុំគ្នា «នៅផ្ទះ សម្រាក នៅផ្ទះ»៕
ប្រែសម្រួលៈ ណៃ តុលា