បរទេស៖ យោធាអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា គ្រាប់រ៉ុកកែត Katyusha ពីរគ្រាប់ បានធ្លាក់ចុះក្នុងតំបន់បៃតង នៃទីក្រុងបាដាដ ដែលជាទីតាំងស្ថិតនៅរបស់ស្ថានទូត សហរដ្ឋអាមេរិក អគារបេសកកម្មបរទេសផ្សេងទៀត និងអគាររដ្ឋាភិបាលអ៊ីរ៉ាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ីរ៉ាក់ បាននិយាយថា គ្រាប់រ៉ុកកែត ត្រូវបានបាញ់ចេញពីស្រុក Al-Nahdha នៅជាយក្រុងបាដាដ ធ្លាក់នៅក្បែរទីបញ្ជាការប្រតិបត្តិការ របស់ទីក្រុងបាដាដ ដោយមិនបញ្ជាក់ថា ជនដៃដល់ជាអ្នកណា។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ការវាយប្រហារនេះ បានកើតមាន ស្របពេលដែលសហរដ្ឋអាមេរិក កំពុងតែធ្វើការ ដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសនេះ សម្រាប់ការដាក់ពង្រាយ នៅទីផ្សេងទៀត៕
ប្រែសម្រួល៖ប៉ាង កុង