វ៉ាស៊ីនតោន៖ ការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីចិន និង ប្រធានាធិបតី សហរដ្ឋអាមេរិក បានផ្ញើសារទៅកាន់ពិភពលោក ក្នុងពេលដ៏សំខាន់មួយ។ អ្នកជំនាញសហរដ្ឋអាមេរិក បានប្រាប់ស៊ិនហួ កាលពីថ្ងៃសៅរ៍ថា កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងចិន គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការប្រយុទ្ធជាសកល ប្រឆាំងនឹងវីរុសកូវីដ១៩ ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ របសមេដឹកនាំទាំងពីរ កាលពីថ្ងៃសុក្រ ប្រមុខរដ្ឋទាំងពីរ បានឯកភាពគ្នា ក្នុងការបង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ ស្តីពីការការពារ និងការទប់ស្កាត់ការរីករាលដាល និងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ប្រឆាំងនឹងជំងឺនេះ។
លោក Kent Pinkerton សាស្រ្តាចារ្យ សាលាវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ California Davis បានប្រាប់ស៊ីនហួ នៅក្នុងបទសម្ភាសន៍មួយថា « ការសន្ទនាបែបនេះរវាង ប្រធានាធិបតីទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងចិន និងសហរដ្ឋអាមេរិក គឺពិតជាមានសារៈសំខាន់បំផុត ក្នុងការស្វែងរក ដំណោះស្រាយ សម្រាប់ជំងឺរាតត្បាត ដែលមានឈ្មោះថា COVID-១៩ សម្រាប់ប្រទេសយើងទាំងពីរ ក៏ដូចជាពិភពលោក»។
លោក Pinkerton បានចុះបញ្ជីចំណុចសំខាន់ ចំនួន ៣ ដែលជាការសង្កត់ធ្ងន់ សម្រាប់ការជំរុញ កិច្ចសហប្រតិបត្តិការ ដែលជាការចែករំលែក នូវរបកគំហើញ វិទ្យាសាស្ត្រ ដើម្បីកាត់បន្ថយការរីករាលដាល នៃវីរុសនេះ, វិធីសាស្រ្ត ចែករំលែកសំរាប់ការព្យាបាលអ្នកជំងឺ ដែលមានរោគសញ្ញាធ្ងន់ធ្ងរបំផុត នៃការឆ្លង និងផ្សព្វផ្សាយព័ត៌មានស្រាវជ្រាវថ្មីៗ តាមរយៈកិច្ចសហប្រតិបត្តិការ របស់គ្រូពេទ្យ និងអ្នកវិទ្យាសាស្ត្រ មកពីប្រទេសទាំងពីរ។
ចំណែក លោក Robert Schooley សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រ នៃផ្នែកជំងឺឆ្លង និងសុខភាពសាធារណៈសកល នៃសាកលវិទ្យាល័យCalifornia ទីក្រុង San Diego បាននិយាយថា កិច្ចប្រឹងប្រែងត្រួតពិនិត្យ នៅក្នុងប្រទេសចិន ទទួលបានជោគជ័យយ៉ាងខ្លាំង។
លោកបានប្រាប់ស៊ិនហួថា «យើងត្រូវរៀនពីប្រទេសចិន អំពីអ្វីដែលដំណើរការល្អ និងអ្វីដែលមិនដំណើរការ” ។
លោក Schooley បាននិយាយថា ពិភពលោកមិនអាចរំពឹងថា វីរុសនេះនឹងត្រូវបាន កំចាត់ចេញ ពីចំនួនមនុស្សដោយការធ្វើអន្តរាគមន៍ លើការសិក្សាពីការរាលដាល របស់មេរោគតែមួយមុខនោះទេ។
លោកបានកត់សម្គាល់ថា «យើងចាំបាច់ត្រូវការងាររួមគ្នា លើវ៉ាក់សាំងនិងថ្នាំ ហើយវាមានសារៈសំខាន់ណាស់ក្នុងការចែករំលែក ដំណើរការដែលមានសារៈសំខាន់ ដើម្បីឱ្យពួកគេ អាចប្រៀបធៀបគ្នាបាន” ។
សូមជម្រាបថា ចំនួនករណីឆ្លងវីរុសកូវីដ ១៩ នៅសហរដ្ឋអាមេរិក បានឡើងដល់ ១០៥.៥៧៣ នាក់ គិតត្រឹមម៉ោង ១ រសៀល ថ្ងៃសៅរ៍។ នេះបើយោងតាមទិន្នន័យ ចងក្រងដោយមជ្ឈមណ្ឌល វិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins។
នៅទូទាំងពិភពលោកចំនួនករណី ដែលត្រូវបានបញ្ជាក់ថា ឆ្លងវីរុសនេះ មានលើសពីចំនួន ៦២២.០០០នាក់ ដែលមានអ្នកស្លាប់ច្រើន ជាង ២៨.០០០ នាក់៕
ប្រែសម្រួលៈ ណៃ តុលា