Covid-19

អ្នកទោស នៅថៃ នាំគ្នាហែកគុករត់ ក្រោយលឺពាក្យ ចចាមអារ៉ាម ផ្ទុះវីរុសកូវីដ១៩ ក្នុងគុក


បូរិរាំ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsutin បាននិយាយថា កុប្បកម្មមួយបានផ្ទុះឡើង នៅពន្ធនាគារនៃខេត្ត បូរីរាំ បន្ទាប់ពីអ្នកទោស ប្រហែល ១០០ នាក់បាន នាំគ្នាវាយកម្ទេចគ្រឿងសង្ហារិម និងវាយបំបែកបង្អួច និងបានបង្កជាអគ្គិភ័យ ក្រោយពីមានពាក្យចចាមអារាម នៃការផ្ទុះនៃវីរុស Covid-19  ក្នុងពន្ធនាគារ នៅថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Thepsutin ថា អ្នកទោសមួយចំនួន បានរត់គេចខ្លួន ប៉ុន្តែរហូតមកដល់ពេលនេះ មាន ៧ នាក់ ត្រូវបានចាប់បាមកវិញ។

ដោយដកស្រង់ របាយការណ៍ដំបូង លោក Somsak Thepsutin បាននិយាយថា ការតវ៉ាបានចាប់ផ្តើម នៅម៉ោងប្រហែល ១១ និង ៤៥ នាទីព្រឹក នៅក្នុងសាលបរិភោគអាហារខណៈពេលដែល អ្នកយាមការិយាល័យ រវល់ធ្វើការជួសជុលបន្ទប់ដាច់ដោយឡែក សម្រាប់អ្នកទោស ដែលឆ្លង ជំងឺឆ្លង។

អ្នកទោសប្រមាណ ១០០ នាក់ ដែលពួកគេខ្លះប្រឈម នឹងការកាត់ទោសប្រហារជីវិត បានដុតបំផ្លាញសាល បរិភោគអាហារនោះ និងបានកម្ទេចបន្ទប់សួរសុខទុក្ខ សម្រាប់សាច់ញាតិ។

លោករដ្ឋមន្រ្តីបាននិយាយថា “ការពិតគឺថាគ្មានអ្នកទោសណាម្នាក់នៅក្នុងខេត្ត បូរីរាំ ត្រូវបានឆ្លងមេរោគនេះទេ ពួកគេបានចាប់ផ្តើមបំផុស ពាក្យចចាមអារាមនេះ ដើម្បីស្វែងរកអ្នកគាំទ្រពីអ្នកទោស មួយចំនួនទៀតប៉ុណ្ណោះ” ៕
ប្រែសម្រួលៈ ណៃតុលា

To Top