សេអ៊ូល៖ យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានហោះរំលងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យក្នុងបេសកកម្មជាក់ស្តែង មួយដើម្បីឃ្លាំមើលប្រទេស កូរ៉េខាងជើង ខណៈប្រទេសកុម្មុយនិស្តមួយនេះ បានបាញ់នូវមីស៊ីលផ្លោងរយៈចម្ងាយខ្លី ចំនួនពីរគ្រាប់ក្នុងថ្ងៃតែមួយ ។
យន្ដហោះចារកម្ម EP-3E របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញនៅលើមេឃ នៅខាងលើប្រទេសកូរ៉េ ដែលមានកម្ពស់ ២៥,០០០ ហ្វីត ប៉ុន្ដែពេលវេលាពិតប្រាកដ នៃប្រតិបត្តិការ របស់វាមិនទាន់ច្បាស់នៅឡើយទេ ។
នៅព្រឹកថ្ងៃដដែលនេះកូរ៉េខាងជើង បានបាញ់មីស៊ីលចំនួន ២ គ្រាប់ពីទីក្រុងឆ្នេរសមុទ្រភាគខាងកើត នៃទីក្រុងវ៉ុនសានឆ្ពោះទៅសមុទ្រខាងកើត ដោយកត់សម្គាល់នូវការសាកល្បងអាវុធធំ ៗ លើកទី ៤ ដែលកូរ៉េខាងជើង បានធ្វើនៅឆ្នាំនេះលើកលែង តែការធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ៕
ដោយ ឈូក បូរ៉ា