Covid-19

វៀតណាម ពិន័យបុរសម្នាក់ ១០លានដុង ក្រោយបង្ហោះព័ត៌មានក្លែងក្លាយថា មានការបិទទីក្រុងហូជីមិញ រយៈពេល១៤ថ្ងៃ

បរទេស៖ បុរសម្នាក់អាយុ២០ឆ្នាំ ជាអ្នកបើករថយន្តឱ្យក្រុមហ៊ុនមួយ ត្រូវបានអាជ្ញាធរពិន័យជាប្រាក់ចំនួន ១០ លានដុង ស្មើនឹង៤២០ ដុល្លារ ពីបទផ្សាយព័ត៌មានមិនពិត អំពីការបិទទីក្រុង ហូជីមិញ រយៈពេល ១៤ថ្ងៃ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកង្វៀន វ៉ាន់ដុង ធ្វើការនៅសង្កាត់ Tan Phu បាននិយាយនៅក្នុងហ្វេសប៊ុកកាលពីថ្ងៃទី ២៦ ខែមីនាថា ទីក្រុងហូជីមិញនឹងត្រូវបិទ រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែមីនា ដោយសារការរាតត្បាតជំងី Covid-19 ។

បន្ទាប់ពីមានព័ត៌មានមិនពិតនេះ គឺបានធ្វើឱ្យមានការព្រួយបារម្ភជាសាធារណៈ ហើយលោកត្រូវបានប៉ូលីស ក្នុងតំបន់កោះហៅ ហើយក៏បានសារភាពថា លោកមិនបានត្រួតពិនិត្យព័ត៌មានមុនពេលចែកចាយវានៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ។ លោកបាននិយាយថា លោកគ្រាន់តែធ្វើវាដើម្បីព្រមាន ប្រជាជនអំពីស្ថានភាពរាតត្បាតកាន់តែអាក្រក់ទៅ ៗ ហើយមិនមែនសម្រាប់ការ ផ្សព្វផ្សាយជាសាធារណៈ ឬការយល់ព្រមផ្ទាល់ខ្លួនទេ។

យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន បុគ្គលដែលផ្សាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម អាចត្រូវបានពិន័យជាប្រាក់រហូតដល់ ១៥ លានដុង (៦៥០ ដុល្លារ) ប៉ុន្តែលោក ដុង ត្រូវបានគេចាត់ទុកថាជាការដាក់ទណ្ឌកម្មស្រាលជាងមុន ខណៈដែលគាត់មានប្រវត្តិគ្រួសារល្អ ហើយនេះជាការរំលោភបំពាន លើកដំបូងរបស់គាត់ហើយគាត់ ប៉ូលីសបាននិយាយថា បុរសខាងលើនេះបានសារភាព ដោយស្មោះពីកំហុសរបស់គាត់៕

ប្រែសម្រួលៈ ណៃ តុលា

To Top