បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឲ្យក្រុមហ៊ុនរុស្ស៊ី ចិន និងអឺរ៉ុប បន្តការងាររបស់ពួកគេ នៅទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ ដើម្បីធ្វើឲ្យវាកាន់តែពិបាកខ្លាំងឡើង ចំពោះទីក្រុងតេអេរ៉ង់ ក្នុងការអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ។
ប្រភពព័ត៌មាន ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ និងរួមទាំងមន្ត្រីអាមេរិកមួយរូប បាននិយាយប្រាប់ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក អាចនឹងត្រូវធ្វើឡើងលឿនបំផុត នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីលើកលែងជាថ្មីនូវទណ្ឌកម្ម ដែលរារាំងក្រុមហ៊ុនមិន មែនរបស់អាមេរិក មិនឲ្យចុះកិច្ចព្រមព្រៀងរកស៊ី ជាមួយអង្គការថាមពលអាតូមិក របស់ប្រទេសអ៊ីរ៉ង់។
ចំណែកទីភ្នាក់ងារសារព័ត៌មាន Jewish News Syndicate ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយ ផ្តោតសំខាន់លើអ៊ីស្រាអែល និងពិភពជ្វីហ្វ បានរាយការណ៍ដំបូងគេថា សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងលើកលែងជាថ្មី នូវទណ្ឌកម្ម ដោយសំអាងដល់ប្រភពពីរ ដែលដឹងអំពីការសម្រេចចិត្តនោះ៕ ប្រែសម្រួល៖ប៉ាង កុង