សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានប្រមាថដល់ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃចន្ទ សម្រាប់ការស្វែងរកសម្ពាធ ជាអន្តរជាតិប្រឆាំងនឹងរបបនេះ ខណៈដែលអំពាវនាវ ឱ្យមានការពិភាក្សាឡើងវិញ លើកិច្ចចរចានុយក្លេអ៊ែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើង បានឲ្យដឹងថា ប្រធានថ្មីរបស់កូរ៉េខាងជើង ដែលទទួលបន្ទុកក្នុងការចរចាជាមួយសហរដ្ឋអាមេរិក បានគំរាមថាក្រុងព្យុងយ៉ាង នឹងប្រកាន់យកមធ្យោបាយផ្ទាល់ខ្លួនរបស់ខ្លួន ចំពេលមានកិច្ចចរចា ដែលជាប់គាំង ជុំវិញកម្មវិធីនុយក្លេអ៊ែរ។
មន្ត្រីរូបនោះ បានចោទប្រកាន់ លោក Pompeo ថាបានលើកទឹកចិត្តប្រទេសដទៃទៀត ឱ្យប្តេជ្ញាអនុវត្តសម្ពាធការទូត និងសេដ្ឋកិច្ចប្រឆាំង នឹងប្រទេសកូរ៉េខាងជើង ក្នុងសន្និសីទកាសែតមួយ កាលពីសប្តាហ៍មុន បន្ទាប់ពីសន្និសីទវីដេអូមួយ ក្នុងចំណោមរដ្ឋមន្រ្តីការបរទេស នៃក្រុមសេដ្ឋកិច្ចធំទាំង ៧ (G7)៕ ដោយ៖ ឈូក បូរ៉ា