Covid-19

រថយន្តមានទូរក្លាសេ សម្រាប់ដាក់សាកសព ជាច្រើនគ្រឿង តម្រៀបជាជួរ មុខមន្ទីរពេទ្យ នៅអាមេរិក ខណៈអ្នកស្លាប់ កើនដល់ ៤ពាន់នាក់

បរទេស៖ រូបភាពដ៏គួរឱ្យរន្ធត់​ បានលេចឡើងតាមរយៈសាកសព ដែលត្រូវបានគេដាក់លើឡាន ដឹកទំនិញដែលមានទូរទឹកកក នៅខាងក្រៅមន្ទីរពេទ្យ Brooklyn ក្នុងទីក្រុងញូវយ៉ក ដែលមានមនុស្ស ៧៩០នាក់ បានស្លាប់ដោយសារវីរុសកូវីដ១៩ និង ៣៦.០០០ នាក់ផ្សេងទៀត​ បានឆ្លង ខណៈដែលអ្នកស្លាប់ទូទាំង សហរដ្ឋអាមេរិក កើនដល់៤០០០នាក់។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា វីដេអូដែលថតពីលើឡាន ដោយអ្នកនៅក្បែរនោះ បានបង្ហាញពីសាកសព​ កំពុងត្រូវបានគេផ្ទុកលើរថយន្ត។ វាបានលេចចេញ ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីគិលានុបដ្ឋាយិកាម្នាក់ បានចែករំលែករូបថត ដ៏គួរអោយឈឺចាប់ នៃសាកសព ដែលត្រូវបានគេគរ នៅក្នុងឡាន ដែលមានទូរក្លាសេ យកពីមន្ទីរពេទ្យផ្សេង។

មានកន្លែងបញ្ចុះសព និងមន្ទីរពេទ្យបណ្តោះអាសន្ន ដែលកើតឡើង នៅទូទាំងទីក្រុងញូវយ៉ក ដែលជាចំណុចកណ្តាល នៃការផ្ទុះឡើង របស់វីរុសនៅអាមេរិក រួមទាំងមួយទៀត គឺនៅ Central Park។

សូមជម្រាបថា គិតមកត្រឹមថ្ងៃអង្គារ ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង វីរុសកូវីដ១៩ នៅអាមេរិក គឺមានច្រើនជាង នៅប្រទេសចិន ដែលជាដែនដី នៃការផ្ទុះឡើង បានចាប់ផ្តើម ដោយនៅអាមេរិក គឺមានយ៉ាងហោចណាស់ ៤០០០នាក់ បានស្លាប់ និងមានចំនួនករណីអ្នកឆ្លង ដែលបានកត់ត្រា មានចំនួនជាង ១៧៥.០០០នាក់ ច្រើនជាងប្រទេសដទៃទៀត។ នេះបើតាមការចងក្រងទិន្នន័យ របស់សាកលវិទ្យាល័យ Johns Hopkins៕

ប្រែសម្រួលៈ ណៃ តុលា

To Top