បរទេស៖ប្រទេសបារំាង អាល្លឺម៉ង់ និងអង់គ្លេស តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បាននាំចេញទំនិញឱសថនានា ទៅកាន់ប្រទេសអ៊ីរ៉ង់ ក្នុងប្រតិបត្តិការជំនួញដំបូង ដែលធ្វើឡើងក្រោមយន្តការជំនួញដែលបង្កើតដើម្បីដោះដូរទំនិញនិងចំណីអាហារ ក្រោយសហរដ្ឋអាមេរិក ដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។
ក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយប្រាប់ថា ទំនិញឱសថ នៅពេលបច្ចុប្បន្ននេះ គឺនៅក្នុងប្រទេសអ៊ីរ៉ង់ និងបានបន្ថែមថា យន្តការជំនួញ Instex និងសមភាគីអ៊ីរ៉ង់ នឹងធ្វើការងារលើការផ្លាស់ប្តូរបន្ថែមទៀត និងលើការធ្វើឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធ។
គួរបញ្ជាក់ថា សម្ពន្ធមិត្តអឺរ៉ុបដ៏ចម្បងនានារបស់ទីក្រុងវ៉ាស៊ីនតោន បានប្រឆាំងនឹងការសម្រេចចិត្តធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៨ ដែលបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលធ្វើលើកលែងទណ្ឌកម្មអន្តរជាតិលើអ៊ីរ៉ង់ ដើម្បីជាថ្នូរដែលទីក្រុងតេអេរ៉ង់ទទួលយកការទប់ស្កាត់ លើកម្មវិធីនុយក្លេអ៊ែ៕
ប្រែសម្រួល៖ ប៉ាង កុង