ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រ និងជួយដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងការយកឈ្នះលើបញ្ហាប្រឈមបច្ចុប្បន្ន នៃការរីករាលដាលនៃវីរុសកូវីដ១៩ ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌូណេស៊ីគឺលោកចូកូ វីដូដូ, លោកស៊ីបានកត់សម្គាល់ថា ជំងឺនេះគឺកំពុងផ្ទុះឡើងនៅក្នុងប្រទេស និងតំបន់ជាច្រើន រួមទាំងឥណ្ឌូណេស៊ីផងដែរ។ ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនចិន លោកស៊ីបានសំដែងការអាណិតអាសូរដោយស្មោះត្រង់ចំពោះសមភាគីឥណ្ឌូណេស៊ី។
លោកស៊ីបាននិយាយថា បន្ទាប់ពីការតស៊ូដ៏ស្វិតស្វាញ ប្រជាជនចិនបានដើរចេញពីដំណាក់កាលដ៏លំបាកបំផុតដោយលោកបានបន្ថែមថា ប្រទេសចិនមើលឃើញពីការលំបាករបស់ឥណ្ឌូនេស៊ីហើយមានឆន្ទៈផ្តល់ជំនួយ។
ប្រធានាធិបតីចិនមានជំនឿចិត្តថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី វីដូដូ ប្រទេសឥណ្ឌូនេស៊ីនឹងយកឈ្នះលើការរីករាលដាលនៃជំងឺនេះ។
លោកស៊ីបានសង្កត់ធ្ងន់ទៀតថា នៅចំពោះមុខការរីករាលដាលនៃជំងឺរាតត្បាតធ្ងន់ធ្ងរ ប្រទេសចិននិងឥណ្ឌូនេស៊ី បានគាំទ្រគ្នាទៅវិញទៅមក ដែលបានបង្ហាញនូវមិត្តភាពដ៏ជ្រាលជ្រៅក្នុងការចែករំលែកភាពទន់ភ្លន់ និងទុក្ខវេទនា និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕ប្រែសម្រួលៈ ណៃ តុលា