ព័ត៌មានអន្តរជាតិ

ករណីបាញ់ប្រហារ នៅម៉ិកស៊ិក បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត១៩នាក់

ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមេសា ឆ្នំា ២០២០ថា ក្រុមអាជ្ញាធរ បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់ មនុស្ស១៩នាក់ ត្រូវបានសម្លាប់ និងម្នាក់បានរងរបួស នៅក្នុងការបាញ់ប្រហារគ្នា រវាងក្រុមឧក្រិដ្ឋជនមួយក្រុម នៅរដ្ឋ Chihuahua ស្ថិតនៅភាគខាងជើងប្រទេសម៉ិកស៊ិក ។

ការិយាល័យអគ្គរដ្ឋអាជ្ញា បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា អំពើបាញ់ប្រហារដំបូង ត្រូវបានគេរាយការណ៍ នៅវេលាម៉ោង៦និង៣៥នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង០០និង៣០នាទី ម៉ោងសកល នៅថ្ងៃសុក្រ នៅក្នុងក្រុង Chuhuichupa ក្នុងរដ្ឋបាលក្រុង Madera ស្ថិតនៅភាគខាងលិចរដ្ឋ Chihuahua ។

ប៉ូលិសក្នុងស្រុក និងក្រុមកងទ័ព ដែលទទួលបានព័ត៌មាន បានរកឃើញថា មនុស្ស១៨នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុ និង០២នាក់បានរងរបួស ហើយម្នាក់បានស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា “ការស្រាវជ្រាវក្រុមបាញ់ប្រហារ នៅតែបន្តធ្វើឡើង នៅកន្លែងកើតហេតុ ទន្ទឹមនឹងនេះដែរ ក្រុមអ្នកជំនាញជាច្រើន និងក្រុមអ្នកស៊ើបអង្កេត មកពីការិយាល័យអគ្គរដ្ឋអាជ្ញា កំពុងធ្វើការស្រាវជ្រាវ នៅកន្លែងកើតហេតុ ដើម្បីស្វែងរកភស្តុតាង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top