វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ថា ចំនួននៃអ្នកឆ្លងដោយសារវីរុសកូរ៉ូណា នៅទូទាំងសកលលោក បានកើនឡើងដល់ជាង១,២លាននាក់ហើយ ។
បើយោងតាម របាយការណ៍សរុប ចេញផ្សាយដោយសាកលវិទ្យាល័យ Johns Hopkins University កាលពីថ្ងៃសៅរ៍ថា ចំនួនដែលគេបញ្ជាក់ថា អ្នកឆ្លងដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើង ដល់កម្រិតខ្ពស់បំផុតគឺ១,២លាននាក់ ។
ផ្អែកតាមការចុះផ្សាយ កាលពីពេលថ្មីៗនេះ ដោយសារព័ត៌មានបរទេសជាច្រើន បានឲ្យដឹងថា សហរដ្ឋអាមេរិក ជាប្រទេសនាំមុខគេ ហើយបន្ទាប់មកមានអ៊ីតាលី ចិន អេស្ប៉ាញ បារាំង និងបណ្តាប្រទេស ជាច្រើនទៀតនៅប្លុកអឺរ៉ុប ដែលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ ក្នុងចំណោមជាង ១០០ប្រទេសនៅទូទាំងសកលលោក ។
ជាក់ស្តែង ប្រទេសអ៊ីតាលី នាពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ មានការថយចុះខ្លះៗ នៃតួលេខអ្នកស្លាប់ តែសហរដ្ឋអាមេរិក បែរជាមានតួលេខ ហក់ឡើងខ្លាំងដដែល ។ សម្រាប់ប្រទេសចិន វិញ ការឆ្លង និងស្លាប់ បាននៅថេរ មិនទាន់មានការប្រែប្រួលខ្លាំង ដូចកាលពីផ្ទុះវីរុស លើកដំបូងនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា