កូឡាឡាំពួរ៖ ឆ្មាំឆ្នេរសមុទ្រម៉ាឡេស៊ីបានឲ្យដឹងថា ខ្លួនបានស្ទាក់ចាប់ទូកដឹកមនុស្សចំនួន ២០២ នាក់ដែលគេជឿថា ជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា មកពីប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ។
លោក Zulinda Ramly អនុប្រធានទីភ្នាក់ងារពង្រឹងដែនសមុទ្រម៉ាឡេស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនេះមានបុរស ១៥២ នាក់ ស្ត្រី ៤៥ នាក់ និងកុមារ ៥ នាក់ត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរអន្តោប្រវេសន៍ ដើម្បីដំណើរការខណៈពួកគេបានចូលទៅក្នុងប្រទេសដោយខុសច្បាប់។
ទូកនោះត្រូវបានគេរកឃើញ នៅឆ្ងាយពីច្រាំងនៃកោះរមណីយដ្ឋាន Langkawi ដោយបន្ថែមថា អាជ្ញាធរកំពុងស្វែងរកអ្នកបើក និងនាវិកពីរនាក់ដែលសង្ស័យថា មកពីក្រុមរត់ពន្ធមនុស្ស។ យោងតាមជនជាតិរ៉ូហ៊ីងយ៉ា បុរសទាំងនោះបានរត់គេចខ្លួន ពេលពួកគេកំពុងនៅលើសមុទ្រ៕
ដោយ ឈូក បូរ៉ា