បរទេស ៖ ស្របពេលមានមន្ទិលសង្ស័យថា ប្រទេសកុម្មុយនិស្តឯកោ អាចនឹងប្រើប្រាស់កិច្ចប្រជុំ ដើម្បីបង្ហាញសារមួយដល់ សហរដ្ឋអាមេរិកនោះ ក្រសួងបង្រួបបង្រួម កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង នឹងរក្សាការឃ្លាំមើលយ៉ាង យកចិត្តទុកដាក់ លើកិច្ចប្រជុំនាពេលខាងមុខមួយ របស់រដ្ឋសភាកូរ៉េខាងជើង ។
រដ្ឋសភា របស់ប្រទេសកូរ៉េខាងជើងនោះ តាមសេចក្តីរាយការណ៍ គ្រោងនឹងប្រារព្ធកិច្ចប្រជុំនៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយកិច្ចប្រជុំនេះ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ស្របពេលដែលកូរ៉េខាងជើង ហាក់បានបង្កើតតំណែង ក្រសួងការបរទេសថ្មីមួយ ដែលទទួលបន្ទុកកាន់ការចរចាគ្នា ជាមួយសហរដ្ឋអាមេរិក បណ្ដាលឲ្យមានការសង្ស័យថា ទីក្រុងព្យុងយ៉ាង អាចនឹងធ្វើការប្រកាសសារមួយ ចំពោះសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំនោះ។
គួរបញ្ជាក់ថា តាមធម្មតា ប្រទេសកូរ៉េខាងជើង តែងតែប្រារព្ធធ្វើកិច្ចប្រជុំបែបនេះមួយលើក នៅក្នុងខែមេសា ជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីគោល នយោបាយចម្បងៗ របស់ប្រទេស ការជម្រុះបុគ្គលិក និងកិច្ចការកញ្ចប់ថវិកា ហើយកាលពីឆ្នាំមិញនេះ កូរ៉េខាងជើង បានប្រារព្ធធ្វើកិច្ចប្រជុំរដ្ឋសភា ចំនួនពីរដង គឺនៅក្នុងខែមេសា និងក្នុងខែសីហា៕
ប្រែសម្រួល៖ប៉ាង កុង