វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសចិន ផ្តោតលើកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតវីរុសកូវីដ-១៩ ជាជាងការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានសេចក្តីរាយការណ៍ថ្មីៗនេះថា នាវាឆ្មាំសមុទ្រចិន នៅក្នុងតំបន់មានជម្លោះ បានបាញ់ឲ្យលិចនាវានេសាទ វៀតណាមមួយគ្រឿង។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Morgan Ortagus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុដែលបានកើតឡើងនៅតំបន់ជុំវិញកោះ Paracel កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
លោកស្រីបានបន្ថែមទៀតថា “យើងសូមអំពាវនាវដល់ប្រទេសចិន ឱ្យនៅតែផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល និងបញ្ឈប់ការកេងប្រវ័ញ្ច ការរំខាន ឬភាពងាយរងគ្រោះរបស់រដ្ឋដទៃទៀត ដើម្បីពង្រីកការទាមទារខុសច្បាប់របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង” ៕
ដោយ ឈូក បូរ៉ា